(កណ្ដាល)៖ ដោយសារភ្លើងប្រចណ្ឌ និងខឹងប្រពន្ធចេះតែដើរផឹកសុីជាមួយប្រុសៗ មិនសូវចូលផ្ទះមើលកូនៗ និងដោយសារជំពាក់លុយគេជាច្រើន មិនព្រមប្រឹងប្រែងជួយរកលុយដើម្បីសងគេផងនោះ បុរសម្នាក់បានយកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធក្នុងវង់ផឹកស៊ីមួយកន្លែង រួចរត់គេខ្លួន បានមួយថ្ងៃ ត្រូវកម្លាំងអាវុធហត្ថខេត្តកណ្តាលចាប់ខ្លួនបាន នៅក្នុងចំការស្វាយ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ករណីឃាតកម្មប្តីចាក់សម្លាប់ប្រពន្ធ កើតហេតុនៅវេលាម៉ោង១៨៖៣០នាទី យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះស្រាវជ្រាវ ស្វែងរុករកឃាតករទាំងថ្ងៃទាំងយប់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាប្តីបាននៅវេលាម៉ោង ២០៖០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងសង្ងំលាក់ខ្លួនក្នុងចំការស្វាយ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ទៀតថា កាចុះបង្ក្រាបនេះដោយមានការសម្រមសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។ ករណីនេះចុះដឹកនាំអនុវត្តផ្ទាល់ដោយលោកវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងទទួលការងារស្រាវជ្រាវ បង្ក្រាបបទល្មើស រួមជាមួយមន្ត្រីជំនាញខេត្ត និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ព្រមទាំងសហការី។
នៅចំពោះមុខមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យជាឃាតករ ឈ្មោះ អឿន សុិន អាយុ ៤៤ឆ្នាំ មុខរបរកសិករ ត្រូវជាប្តីជនរងគ្រោះ រស់នៅឃុំកើតហេតុ បានសារភាពថា ខ្លួនពិតជាបានយកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ ឈ្មោះ សែម គឹមសាន អាយុ ៤៤ឆ្នាំ មុខរបរកសិករ រស់នៅឃុំកើតហេតុជាមួយជនសង្ស័យ (ប្តី) ពេលឃើញប្រពន្ធកំពុងផឹកសុីជាមួយអ្នកភូមិពិតប្រាកដមែន។
ក្រោយពីធ្វើសកម្មភាពរួចរូបគេក៏កាន់កាំបិតរត់មកផ្ទះវិញ ហើយបោះកាំបិតនោះនៅលើគ្រែ ក្បែរពាងទឹក នៅក្រៅផ្ទះហើយក៏រត់ទៅពួនក្នុងចំការស្វាយមួយចំងាយពីផ្ទះប្រហែលជាង ៥០០ម៉ែត្រ និងបានទូរសព្ទទៅកូនស្រីរបស់ខ្លួនប្រាប់ថា «អញចាក់សម្លាប់ម៉ែឯងហើយ ទៅមើលផង»។ លុះយប់ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣ ដោយរូបគេស្រែកទឹកផង ឃ្លានបាយផង ទើបដើរចេញពីក្នុងចំការស្វាយសំដៅមកភូមិ ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។
មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធគឺដោយសារប្រចណ្ឌ ខឹងនឹងប្រពន្ធចេះតែដើរផឹកសុីជាមួយប្រុសៗ មិនសូវចូលផ្ទះមើលកូនៗ និងខ្លួនជាប្តី ហើយម៉្យាងទៀតប្រពន្ធខ្លួន ខ្ចីលុយគេរាប់មុឺនដុល្លារ មិនរវល់រកប្រាក់សងគេ បែរជាទុកឲ្យរូបគេជាប្តីសងម្ចាស់បំណុលទៅវិញ។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកណ្តាលនិងពន្ធនាគារ ដើម្បីចាត់ការតាមផ្លូវច្បាប់៕