(ភ្នំពេញ)៖ អតីតប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា បុគ្គលឈ្មោះ «Pham Duc Hien» ដែល Comment ថា  (លោកហ៊ុនសែនក្បត់វៀតណាម) នេះគឺជាសម្តីដ៏ព្រហើន ដែលប្រជាជនកម្ពុជា មិនអាចទទួលយកបានជាដាច់ខាត នេះបើយោងតាមសាររបស់ លោកបង្ហាញនៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីឆ្លើយតបធ្ងន់ៗទៅលើអ្នកលេង Facebook មួយរូបជាជនជាតិវៀតណាម។   

អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា​ ដដែលរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមគាំទ្រពេញទីនៅជំហរឯករាជ្យអធិបតេយ្យដ៏ខ្ពង់ខ្ពស់ ដាច់ខាតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជារដ្ឋបុរស គួរជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជាជនកម្ពុជា។ សម្តីដ៏ព្រហើនរបស់អា Pham Duc Hien ប្រជាជនកម្ពុជា មិនអាចទទួលបានជាដាច់ខាត ដោយគោរពបំផុត»

សូមជំរាបថា បន្ទាប់ពីមានការឆ្លើយតបដោយសារខ្លាំងៗទៅលើ Comment មួយរបស់ម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសយ៉ាងច្រើនអនេក បាននាំគ្នាសម្តែងការអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះការព្រមានរបស់សម្តេចតេជោ ទៅលើអ្នកលេង Facebook ជនជាតិវៀតណាមមួយនេះ។

កាលពីយប់មិញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងៗទៅលើម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ដោយមានខ្លឹមយ៉ាងដូច្នេះថា៖

«ហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការះរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ។

ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យ អធិបតេយ្យភាពដែលត្រូវទំនាក់ទំនង ជាមួយមេដឹកនាំវៀតណាមដោយស្មើភាព និងស្មើសិទិ្ធ។ សុំលោកបញ្ជូនសារនេះ ជូនមេដឹកនាំវៀតណាមផង បើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាម តែងគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ខុសពីអាម៉ីអាថោងដូចលោកនេះឯង»