(ភ្នំពេញ)៖ ដើម្បីបន្តការព្រមានដ៏ធ្ងន់ៗពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះអ្នកលេង Facebook ម្នាក់ជាជនជាតិវៀតណាម ដែលបាន Comment ថា (លោកហ៊ុនសែនក្បត់វៀតណាម), នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានបង្ហោះឡើងវិញ នូវសារព្រមានខ្លាំងៗដែលមើលងាយ ជាតិសាសន៍របស់ខ្មែរ បន្ទាប់ពីបុគ្គលឈ្មោះ Phạm Đức Hiển បានលុប Comment របស់ខ្លួន ដោយជាប់ជាមួយនឹងសាររបស់នាយករដ្ឋមន្រ្តី។
នៅរសៀលថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តី បានបង្ហោះឡើងវិញនូវខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«កាលពីម្សិលមិញ នៅពេលខ្ញុំបានចូលរួមផ្តល់ពានរង្វាន់ដល់ជ័យលាភីក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើក ទី៦ មានអ្នកលេង Facebook ឈ្មោះ Phạm Đức Hiển បានចូលមក Comment ក្នុង Page ខ្ញុំថា (លោកហ៊ុនសែនក្បត់វៀតណាម)។ កាលពីយប់មិញខ្ញុំបាន Comment ឆ្លើយតបទៅបុគ្គលនោះវិញ។ តែមកទល់ថ្ងៃនេះ បុគ្គលនោះបានលុប Comment ខ្លួនចោលអស់រួមទាំងមតិយោបល់ប្រជាពលរដ្ឋខ្មែរផងដែរ។ ខ្ញុំសូម Post ចម្លើយទាំងស្រុងរបស់ខ្ញុំ ជូនជនរួមជាតិដូចខាងក្រោម។
ហេតុអ្វីបានជាលោកនិយាយថា ខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថាអ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជា ជាទីសក្ការះរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាម រស់នៅកម្ពុជាស្របច្បាប់ ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាម សុំស្រឡាញ់មេដឹកនាំវៀតណាមទៅ។
ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យ អធិបតេយ្យភាពដែលត្រូវទំនាក់ទំនងជាមួយមេដឹកនាំវៀតណាមដោយស្មើភាព និងស្មើសិទ្ឋិ។ សុំលោកបញ្ជូនសារនេះជូន មេដឹកនាំវៀតណាមផងបើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាមតែងគោរពនូវឯករាជ្យ អធិបតេយ្យភាព របស់កម្ពុជា ខុសពីអាម៉ីអាថោងដូចលោកនេះឯង»។
សូមជំរាបថា កាលពីយប់មិញបន្ទាប់ពីមានការឆ្លើយតបដោយសារព្រមានខ្លាំងៗទៅលើ Comment មួយរបស់ម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសយ៉ាងច្រើនអនេក បាននាំគ្នាសម្តែងការអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះការព្រមាន របស់សម្តេចតេជោ ទៅលើអ្នកលេង Facebook ជនជាតិវៀតណាមមួយនេះ៕