(កំពង់ធំ)៖ លោក ពីជិត សិរីរិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋាន ភូមិដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណ ដល់ក្រុមការងារសមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិដា ឃុំទ្រៀលទាំងអស់ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះច្រើនលើសលប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣។
លោក ពិជិត សិរីរិទ្ធ បានគូសបញ្ជាក់ថា «ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមការងារ សមាជិក សមាជិកា គណបក្សគ្រប់រូប រួមទាំងអ្នកអង្កេតការណ៍ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ធនធានក្នុងការជំរុញ និងរួមចំណែកដំណើរការបោះឆ្នោត និងលទ្ធផលបោះឆ្នោតបឋមគួរជាទីមោទនៈ។
លោក បានចាត់ទុកលទ្ធផលនេះគឺជាការគាំទ្រយ៉ាងជឿជាក់របស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន ដើម្បីដឹកនាំអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់ និងបានសម្តែងនូវការគាំទ្រពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ និងបានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា។
លោក ពិជិត សិរីរិទ្ធ ក៏បានបង្ហាញពីការជឿជាក់ចំពោះថ្នាក់ដឹកនាំជំនាន់ក្រោយដែលសុទ្ធសឹងតែជាបញ្ញវ័ន្តមានសមត្ថភាពពេញលេញ ក្នុងការដឹកនាំប្រទេសជាតិ បន្តទទួលបានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍកាន់តែជឿនលឿនបន្ថែមទៀត។
លោក ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះជួយភូមិដា គណៈកម្មាធិការបក្សឃុំទ្រៀល គណកម្មាធិការសាខាបក្សភូមិទាំងអស់ ដែលបានសហការគ្នាបានយ៉ាងស្អិត រមួត នៅក្នុងសកម្មភាពមូលដ្ឋាន ឆក់យកបេះដូងប្រជាជន បោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប។
លោក ពីជិត សិរីរិទ្ធ បានណែនាំឱ្យក្រុមការងារគ្រប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវបន្តប្រឹងប្រែបម្រើសេវាមូលដ្ឋានឱ្យបានល្អ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ដើម្បីទទួលបានការគាំទ្រជាបន្តបន្ទាប់៕