(ព្រៃវែង)៖ ក្នុងឱកាសរៀបចំកម្មវិធីបុណ្យហែទៀនព្រះវស្សា ទៅកាន់ទីវត្តអារាមទាំង ៥១វត្ត នៅក្នុងស្រុកព្រះស្តេច នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្ដេច បានដាក់ចេញគោលដៅបន្តជួយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន នៅក្នុងមូលដ្ឋានស្រុកព្រះស្តេច លើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីដើរឲ្យទាន់នូវសម័យកាលបច្ចេកវិទ្យាព័ត៌មាន ដែលគេកំពុងប្រើប្រាស់ នៅទូទាំងពិភពលោក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកបានថ្លែងថា អ្វីដែលជាការគោលដៅសំខាន់ របស់ក្រុមការងារចុះជួយ គឺផ្តោតលើវិស័យអប់រំព្រោះថាវិស័យអប់រំ គឺជាវិស័យអាទិភាព ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបានបន្តថា «ក្រុមការងារនឹងបន្តជួយលើវិស័យអប់រំ ដើម្បីជួយដល់យុវជន ឲ្យមានអនាគតល្អ។ មនុស្សនៅទូទាំងពិភពលោក កំពុងឈានដល់របត់ថ្មី ជារបត់មួយ ដែលប្រើប្រាស់វិស័យបច្ចេកវិទ្យាព័ត៌មាន នៅក្នុងរបៀបនៃការរស់នៅ និងសង្គមការងារ ហេតុនេះហើយ ទើបក្រុមការងារ ផ្តោតលើការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនេះ»។
លោកលើកឡើងដែរថា ការចុះជួយដល់ស្រុកព្រះស្តេច ក្រុមការងារមិនបានធ្វើ តែក្នុងរដូវបោះឆ្នោតនោះទេ គឺធ្វើទៅតាមគម្រោង ដែលបានគ្រោងទុក ដោយជួយធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋនៅស្រុកព្រះស្តេច មានជីវភាពល្អប្រសើរជាងមុន ដោយពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋមានជីវភាពរីកចម្រើនជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងការបោះឆ្នោត, លោក ហ៊ឺ បាវី បានចាត់ទុកលទ្ធផលនៃការបោះឆ្នោត គឺជាលទ្ធផលដ៏សមស្របបំផុត ដែលគណបក្សនយោបាយទាំងអស់ បានចូលរួមប្រកួតប្រជែង។ ក្នុងឱកាសនោះលោកក៏បានថ្លែងអំណរគុណ ចំពោះមន្ត្រីរាជការ និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ ដែលនាំឲ្យមានដំណើរការបោះឆ្នោតល្អ ហើយគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលឈ្នះ យ៉ាងច្រើនសន្ធឹកសន្ធាប់៕