(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ដល់ក្រុមការងាររៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយដែលព្រះរាជទ្រព្យនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្ដមខាងលើនេះ សម្រាប់សាងសង់ផ្ទះជូនប្រជានុរាស្រ្តក្រីក្របំផុត និងឥតទីពឹង។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយយ៉ាងក្រៃលែង និងសូមថ្វាយអំណរព្រះរាជគុណ ចំពោះព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្តម ចំនួន 20,000USD (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់ក្រុមការងាររៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមក្រាបបង្គំទូលថ្វាយថា ទស្សនីយភាពរបាំ ចម្រៀង ដែលបានចាក់ផ្សាយ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្ងៃ១៧-១៨-១៩ មិថុនា នោះ គឺជាកម្រងជម្រើសទស្សនីយភាពរបាំ ចម្រៀង ដែលមានស្រាប់។

អាស្រ័យដូចបានទូលថ្វាយនេះ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្ដមខាងលើនេះ សម្រាប់សាងសង់ផ្ទះជូនប្រជានុរាស្រ្តក្រីក្របំផុត និងឥតទីពឹង។

ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់សម្រាប់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទូត របស់ព្រះអង្គជ្រកកោនតរៀងទៅ»៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖