(ស្វាយរៀង)៖ លោកយាយពិការភ្នែក សុំផ្ទះប្អូនថ្លៃរស់នៅ និងមានក្មួយស្រីពិការដៃជើងដេកលើកន្ទេល អំពាវនាវដល់សប្បុរសជនសុំផ្ទះមួយខ្នង និងហូបចុកឲ្យបានគ្រប់គ្រាន់នៅជីវិតចុងក្រោយរបស់លោកយាយ ខណៈដែលជីវភាពសព្វថ្ងៃមានការខ្វះខាតយ៉ាងខ្លាំង ថែមជាងមានជំងឺប្រចាំកាយទៀតផង។
លោកយាយ សូ សុត អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល បានឲ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះថា គាត់ជាស្ត្រីមេម៉ាយគ្មានផ្ទះសំបែង មានជំងឺរ៉ាំកាយ សុំផ្ទះប្អូនថ្លៃសម្រាករស់នៅ អស់រយៈពេលជាង៥ឆ្នាំមកហើយ មានការលំបាកយ៉ាងខ្លាំងចំពោះជីវភាពការហូបចុកមិនគ្រប់គ្រាន់ ដោយសារប្អូនថ្លៃក៏ចាស់ជរាដែរ ហើយពុំមានមុខរបរពិតប្រាកដ ដូច្នេះពុំមានថវិកាទិញថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគ ហូបឲ្យបានគ្រប់គ្រាន់នោះទេ ម្យ៉ាងទៀតក្មួយស្រីក៏ពិការភាពដេកនៅនឹងកន្ទេលត្រូវឪពុកបម្រើលើកចុះឡើង គឺមានការលំបាកជាពន់ពេក។
លោកយាយបានបន្តថា សព្វថ្ងៃគាត់ក៏មានប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) ពីរាជរដ្ឋាភិបាល ដើម្បីសម្រាលដល់ជីវភាពរស់នៅផងដែរ តែដោយសារមានជំងឺ និងត្រូវការទិញថ្នាំពេទ្យ ព្រមទាំងចំណាយលើការហូបចុកទៀតនោះ ធ្វើឲ្យលោកយាយជួបការលំបាកចាយមិនគ្រប់។
ដូនចាស់រូបនេះ បានបន្ដទៀតថា រយៈកាលកន្លងមកអាជ្ញាធរក៏បានយកចិត្តទុកដាក់ផ្ដល់អំណោយជាគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារគាត់ផងដែរ តែអំណោយទាំងនោះបានតែមួយគ្រាប៉ុណ្ណោះ ដោយលោកយាយចាស់ជរា គ្មានមុខរបរ ធ្វើឲ្យជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដុនដាប។
ទាក់ទិននឹងករណីនេះ លោក សេង សាវ៉ុន មេឃុំថ្នាធ្នង់ បានផ្ដល់បទសម្ភាសជាមួយភ្នាក់ងារ Fresh News ដោយបញ្ជាក់ថា គ្រួសារលោកយាយ សូ សុត និងក្មួយស្រី ហ៊ុន គន្ធា ពិតជាមានជីវភាពខ្វះខាតពិតប្រាកដមែន ហើយអាជ្ញាធរឃុំក៏បានយកចិត្តទុកដាក់ផ្ដល់នូវបណ្ណ័សមធម៌ និងក៏មានអំណោយតិចតួចឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។
លោកបានបញ្ជាក់ថា លោកយាយជាស្ត្រីមេម៉ាយពិការភ្នែកនេះ ធ្លាប់មានប្ដីកាលពីសម័យ លន់ នល់ តែបច្ចុប្បន្ននេះបានរស់នៅតែម្នាក់ឯង ហើយក៏សុំផ្ទះប្អូនថ្លៃនៅជាមួយទាំងការហូបចុក។ លោកបន្ដថា ចំពោះលោកយាយពិការភ្នែក ក៏ទទួលបានប័ណ្ណសមធម៌មួយ ហើយលោក អៀរ គារ ដែលត្រូវជាឪពុកក្មួយស្រីពិការនេះ ក៏ទទួលបានបានសមធម៌មួយដែរ។
លោកបានបន្តថា ក្នុងនាមអាជ្ញាធរតែងតែគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយក៏មិនឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយមិនដឹងនោះដែរ ជាពិសេសមានលោកអភិបាលស្រុក តែងតែណែនាំឲ្យលោកចុះ មើលជាប្រចាំចំពោះគ្រួសារណា ដែលមានជីវភាពខ្វះខ្វាតខ្លាំង៕