(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ សម្រាប់ខេត្តរតនគិរី។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអានរបាយការណ៍បូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយរបាយការណ៍បានបង្ហាញ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ អនុវត្តផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋដោយប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រង ទៅជាអ្នកផ្តល់សេវា ប្រកបដោយសីលធម៌វិជ្ជាជីវៈផ្ដោតលើចំណុចមួយចំនួន រួមមាន៖
*ទី១៖ ភាពងាយស្រួលក្នុងការយកសេវាទៅប្រើប្រាស់
*ទី២៖ ភាពគួរសម រួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់សេវា
*ទី៣៖ ការផ្ដល់ចម្លើយងាយយល់នៅក្នុងថេរវេលាដែលបានកំណត់ជាមុន
*ទី៤៖ ការផ្តល់ការបំភ្លឺរាល់ការទាមទាររបស់អ្នកប្រើប្រាស់សេវា។
របាយការណ៍ក៏បានលើកឡើងផងដែរ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ស្តីពីលក្ខណៈសម្បត្តិទី២ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ក្នុងនោះបទល្មើសកើតឡើងចំនួន១០០លើក ពាក់ព័ន្ធលក្ខណៈសម្បត្តិ៧ចំណុចរបស់ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» កម្លាំងបង្ក្រាបបាន៩៧លើក ស្មើនឹង ៩៧ភាគរយ ឃាត់ខ្លួនជនសង្ស័យចំនួន៣៧៨នាក់។
ដោយឡែកលក្ខណៈសម្បត្តិទី៣ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៦លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ថយចុះ១៤លើក បណ្តាលឲ្យមនុស្សស្លាប់២៤នាក់ របួសធ្ងន់-ស្រាល៥១នាក់ បានចុះបាញ់ល្បឿន៤៦លើក និងចុះពិនិត្យជាតិអាកុលពេលយប់ចំនួន៥លើក។ ទន្ទឹមគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានចុះត្រួតពិនិត្យយានយន្ត ធ្វើដំណើរតាមដងផ្លូវសរុបបានចំនួន២,១០៩គ្រឿង ក្នុងនោះ អប់រំ១១២គ្រឿង ពិន័យ១៧គ្រឿង និងបានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក បានចំនួន៥០លើក មានអ្នកចូលរួមចំនួន២,៨៥៧នាក់។
ថ្លែងក្នុងឱកាសនោះ លោក ប៉ាវ ហមផាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកន្លងមករបស់រដ្ឋបាលខេត្តរតនគិរី។ លោកបានជំរុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់លើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋានរួមមាន៖ ការអប់រំ សុខាភិបាល ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងសេវាសាធារណៈចាំបាច់ដទៃទៀតដែល ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។
លើសពីនេះ ត្រូវខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យអស់ពីលទ្ធភាព និងចាត់វិធានការឲ្យបានម៉ឹងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំ អំពីច្បាប់ពាក់ព័ន្ធ និងផលប៉ះពាល់នានា ដែលបណ្ដាលមកពីបទល្មើសគ្រប់ប្រភេទ ជាពិសេសអំពើលួច ឆក់ ប្លន់ ចាប់ជំរិតយកប្រាក់ ការប្រើប្រាស់អាវុធខុសច្បាប់ និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដែលតែងតែកើតមានឡើង នៅតាមភូមិ ឃុំ សង្កាត់។
លោកបន្ថែមថា ត្រូវបន្តចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ឲ្យបានជាអតិបរិមានូវការចរាចរ ចែកចាយ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងខិតខំលុបបំបាត់ការដាំដុះ ការរក្សាទុក ការលួចកែច្នៃ សារធាតុញៀនគ្រប់ប្រភេទតាមគ្រប់រូបភាពនៅតាមភូមិ ឃុំ សង្កាត់។ ជំរុញឲ្យមានការបំផុសចលនាចូលរួមសហការគាំទ្រពីវិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
ជាមួយគ្នានេះ ត្រូវពង្រឹងប្រជាការពារ ដើម្បីចូលរួមក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន និងលើកកម្ពស់កិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើតឲ្យមានយន្តការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ៕