(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ប្រជាពលរដ្ឋដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំយកជា ទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន។

ទេយ្យទានដែលលោក សាយ សំអាល់ ប្រគេនដល់ព្រះសង្ឃទាំង៤១វត្ត ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបាន ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង២កេសធំ ទឹកត្រី៦យួរ ទឹកស៉ីអ៉ីវ៦យួរ ទឹកក្រូច៦កេស ខារ៉ាប៉ាវ៦កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់២កេស ស្ករស៦គីឡូ តែ៦កញ្ចប់ ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក១ បច្ច័យ២០ម៉ឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត១លានរៀល៕