(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) បានព្រមានឲ្យក្រុមហ៊ុនរុករករ៉ែនានា ធ្វើការអនុវត្តន៍ទៅតាមច្បាប់ គាំពារបរិស្ថានដ៏តឹងរ៉ឹង ឬក៏បិទទ្វារតែម្តង ប្រសិនបើមិនអាចធ្វើតាមបាន ព្រោះប្រទេសនេះ អាចរស់នៅដោយមិនចាំបាច់មាន ឧស្សាហកម្មរ៉ែមួយនេះក៏បាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦។
លោក ឌូធើត បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា «យើងនឹងនៅតែជាប្រជាជាតិដែលនៅរស់រាន ដដែលដោយគ្មានអ្នក។ អ្នកមានជំរើស នៅក្នុងការអនុវត្តតាមស្តង់ដារដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល ឬក៏អាចបិទអាជីវកម្ម»។ ការលើកឡើងនេះ គឺបានសំដៅចំពោះក្រុមហ៊ុននានា ដែលកំពុងរកស៊ីរុករករ៉ែ នៅទូទាំងប្រទេសហ្វីលីពីន ដែលមួយចំនួនបាន និងកំពុងរំលោភច្បាប់។
កន្លងមកនេះប្រទេសហ្វីលីពីនបានសម្រេចផ្អាក ក្រុមហ៊ុនអាជីវកម្មរ៉ែក្នុងស្រុកចំនួន ០៧ ដែលបាន រំលោភបំពានច្បាប់គាំពារបរិស្ថានរបស់រដ្ឋ។ រដ្ឋមន្ត្រីបរិស្ថាន និងធនធានធម្មជាតិ ហ្វីលីពីន Regona Lopez ដែល បានធ្វើការត្រួតពិនិត្យលើក្រុមហ៊ុនរុករករ៉ែទាំងអស់ កាលពីថ្ងៃទី០៨ ខែកក្កដា នោះ បានប្តេជ្ញាថា នឹងបិទក្រុមហ៊ុន ណាក៏ដោយដែលបង្កផលប៉ះពាលខ្លាំងដល់បរិស្ថាន៕