(ភ្នំពេញ)៖ មុនកាន់តំណែងជានាយករដ្ឋមន្ដ្រីរបស់កម្ពុជាផ្លូវការ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសពីការប្ដេជ្ញាចិត្តអនុវត្តឲ្យបានជាដាច់ខាត តាមបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺការការពារសន្ដិភាព និងធានាភាពសុខសាន្ដរបស់ប្រជាជនកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងយ៉ាងដូច្នេះថា «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ៖ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន»

ជាការពិតពាក្យ «ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្ដិភាព ដែលកម្ពុជាកំពុងមានឲ្យខាងតែបាន» គឺជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែប្រកាសជារឿយៗ ក្នុងពេលថ្លែងជាសាធារណៈ។

សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសន្ដិភាព និងការអភិវឌ្ឍសម្រាប់ជាតិ និងប្រជាជនកម្ពុជា បានយល់ច្បាស់អំពីគុណតម្លៃនៃសន្ដិភាព ដែលមិនអាចយកអ្វីមកប្ដូរបានឡើយ។ សម្ដេចតែងលើកឡើងថា បើគ្មានសន្ដិភាព គ្មានការអភិវឌ្ឍនោះទេ ហើយប្រជាពលរដ្ឋក៏គ្មានឱកាសដើម្បីរស់រានមានជីវិត ពោលមួយថ្ងៃៗ ប្រឹងតែរត់គេចពីគ្រាប់ផ្លោង ពីគ្រាប់កាំភ្លើង។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលឆ្អែតឆ្អន់ជាមួយនឹងសង្គ្រាមរាប់ទស្សវត្សនៅកម្ពុជារូបនេះ ក៏តែងប្រកាសទៀតថា សម្ដេចមិនខ្លាចនឹងចំណាយនោះទេ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែកម្ទេចចោលរាល់ក្រុម ឬជនទាំងឡាយដែលចង់បំផ្លាញសន្ដិភាពនៅកម្ពុជា។

គួរជម្រាបថា កាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារក្នុងការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។ សម្ដេចអះអាងថា បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ៕