(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនការយៈពេលពេញ១ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំ ជម្រះនៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត លើសំណុំរឿងលេខ០០១, លេខ០០២, លេខ០០៣, លេខ០០៤ និងលេខ០០៥ ដោយមានមនុស្សចំនួន៤នាក់។
ក្នុងនោះក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេចលុបឈ្មោះបុគ្គល ៥នាក់ ចេញពីបញ្ជីបោះឆ្នោតរយៈពេល៥ ទៅ១០ឆ្នាំ និងពិន័យម្នាក់ពី១០ ទៅ១៥លានរៀល ពាក់ព័ន្ធនឹងការញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោត។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានអានសេចក្តីសម្រេចលើសំណុំរឿងលេខ០០១ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ ដោយបានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
សម្រាប់សំណុំរឿងលេខ០០២ មានដើមបណ្តឹងឈ្មោះ ខឹម មុនីកុសល ភេទប្រុស នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចពិន័យប្រាក់ចំនួន ១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
សម្រាប់សំណុំរឿងលេខ០០៣ មានដើមបណ្តឹងឈ្មោះ ស៊ុន សុភា ភេទស្រី នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
សម្រាប់សំណុំរឿងលេខ០០៤ និងលេខ០០៥ មានដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស នៅខេត្តត្បូងឃ្មុំ ដោយក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ០៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
ប្រធាន គ.ជ.ប បានបញ្ជាក់ថា សេចក្តីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹងនៅ គ.ជ.ប និងមេធាវីតំណាងចុងចម្លើយនៅ គ.ជ.ប បើកផ្លូវប្តឹង តវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់ច្បាប់។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា៖ «ជាការពិតណាស់គណៈកម្មការស៊ើបអង្កេតមួយ ត្រូវបានបង្កើតឡើងហើយត្រូវបានរកឃើញយ៉ាងពិតប្រាកដមែន អ៊ឹចឹងការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏មានការពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់បន្ថែម, អង្គសវនកា គ.ជ.ប សម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រុះនៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ទុកជាបានការ»។
បើលោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ការសម្រេចតម្កល់សម្រេចសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត គឺមានន័យថារក្សាចំពោះការពិន័យបង់ប្រាក់ ក្នុងនោះពី ១០ ទៅ១៥លានរៀល ត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតដែលមានចែងនៅក្នុងច្បាប់។
សូមជម្រាបថា យោងតាមមាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕