(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រកាសថា លោកនឹងចាត់វិធានការក្តៅចំពោះអ្នកចិញ្ចឹមសត្វគោទាំងឡាយ ដែលលែងជាសាធារណៈ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

ការប្រកាសចាត់វិធានការរបស់អភិបាលខេត្តខាងលើនេះ បានធ្វើឡើង ដោយសារតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលចិញ្ចឹមគោ ក្របី មិនទាន់បានគោរពការជូនដំណឹងរបស់សាលាក្រុង ដែលបានចេញផ្សាយកាលពីដើមខែកក្កដា ឆ្នាំ២០១៦។

លោក វ៉ី សំណាង បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះថា «អាជ្ញាធរនឹងចាប់ផាកពិន័យម្ចាស់សត្វចិញ្ចឹមក្នុង១ក្បាល​ ចំនួន២០ម៉ឺនរៀល ឬច្រើនជាងនេះ ទៅតាមការណែនាំរបស់អាជ្ញាធរ ក្រុងច្បារមន នៅពេលអាជ្ញាធរចាប់បានសត្វចិញ្ចឹម ដែលម្ចាស់លែងចោលឲ្យ ដើរអនាធិបតេយ្យពាសពេញក្រុង ស៊ីបំផ្លាញដំណាំដែលក្រុងដាំលម្អតាមទីសាធារណៈរបស់រដ្ឋ»

លោកអភិបាលខេត្ត បានលើកឡើងដោយសង្កត់ធ្ងន់ថា នេះជាលើកទី២ហើយ សម្រាប់ការជូនដំណឹង មិនតែប៉ុណ្ណោះលោកបានបញ្ជាឲ្យមានផ្សព្វផ្សាយ គ្រប់ការប្រជុំតាមមូលដ្ឋាន តែម្ចាស់គោហាក់មិនបានគោរពតាមការផ្សព្វផ្សាយនោះទេ ដូច្នេះលើកនេះ អាជ្ញាធរខេត្ត នឹងចាត់វិធានក្តៅចំពោះសត្វគោដើរពាសវាលពាសកាល ធ្វើឲ្យខូចខាតសម្បតិ្តសាធារណៈរបស់រដ្ឋ ជាពិសេសជាញឹកញាប់បង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ។

លោកអភិបាល បានស្នើឲ្យពលរដ្ឋចូលរួមបញ្ឈប់ជាបន្ទាន់ ចំពោះការលែងសត្វគោ-ក្របី បែបអនាធិបតេយ្យដូចនេះ។

បញ្ហានេះដែរ លោកស្រី ប៉ោក សេដ្ឋា អភិបាលក្រុងច្បារមន បានចេញសេចក្តីជូនដំណឹងស្ដីជាលើកទី២ នូវវិធានការចំពោះម្ចាស់សត្វចិញ្ចឹមរួមមាន គោ ក្របី ដែលម្ចាស់លែងចោលអនាធិបតេយ្យតាមដងផ្លូវ និងតាមសួនច្បារសាធារណៈ ក្នុងភូមិសាស្ត្រក្រុងក្រុងច្បារមន។

លោកស្រី បានឲ្យដឹងថា «កន្លងមកសត្វពាហនៈទាំងនេះ ត្រូវម្ចាស់លែងឲ្យដើរស៊ីអនាធិបតេយ្យតាមផ្លូវ និងទីសាធារណៈជាពិសេស សួនច្បារក្នុងក្រុង បង្កឲ្យបាត់បង់របៀបរៀបរយសង្គម ប៉ះពាល់ដល់សោភ័ណភាព បង្កគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ដល់អនាម័យបរិស្ថាន ហើយរងការរិះគន់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ»