(ភ្នំពេញ)៖ រឿង «ស្នេហ៍ស្វ័យគុណបួន» ជារឿងខ្មែរទី១ដែលសហការសរសេរ និងផលិតដោយអតីតផលិតករដ៏ឆ្នើម របស់អង្គការ BBC Media Action លោក Deepdendra Gauchan ជនជាតិនេប៉ាល់ និងអតីតម្ចាស់ពានរង្វាន់លេខ១ មហោស្របភាពយន្តខ្នាតខ្លីអាស៊ីអាគ្នេយ៍ (Tropfest) កញ្ញា សុធា អ៊ីណេស បានចាប់ផ្តើមថត ជាផ្លូវការហើយ នាពីព្រឹកមិញនេះ ដោយសហការផលិត រវាងក្រុមហ៊ុន STUDIO4, Come Together និងបណ្តាញទូរទស្សន៍ CTN ព្រមជាមួយម្ចាស់ ឧបត្ថម្ភជាច្រើនទៀត។
រឿង «ស្នេហ៍ស្វ័យគុណបួន» (Love To The Power of 4) ជារឿងមនោសច្ចេតនា ស្នេហា បែបកំប្លែង និយាយពីដំណើរស្នេហា របស់យុវវ័យបួនគូ ជំនះរឿងរ៉ាវជាច្រើន ដើម្បីសម្រេចក្តីស្រមៃ និងមហិច្ឆតា រៀងៗខ្លួន។
លោក Deepdendra Gauchan សហផលិតករ និងអ្នកសរសេរ បានមានលើកឡើងថា «ទោះបីជាខ្សែភាពយន្តនេះ កើតឡើងជាចម្បងនៅប្រទេសកម្ពុជាក៏ដោយ ក៏ប្រធានបទនេះ គឺជាសាច់រឿងដែលកើតមានក្នុងជីវិតគូ របស់មនុស្សក្នុងសកលលោកទាំងមូល។ សេចក្តីស្នេហា បំណងប្រាថ្នា ការបំពេញនូវក្តីស្រម៉ៃ ភាពជូរចត់ ភាពក្រអើតក្រទម គឺជារឿងរ៉ាវ ដែលគូស្នេហ៍គ្រប់រូប គ្រប់សង្គម គ្រប់វប្បធម៌ប្រឈមមុខ»។
លោក ឈិន សុធា នាយកប្រតិបត្តិ ក្រុមហ៊ុន STUDIO4 បានបញ្ជាក់ថា រឿង«ស្នេហ៍ស្វ័យគុណបួន» ជារឿងដែលមានការចូលរួមសម្ដែង ដោយតារាល្បីៗនៅកម្ពុជា រួមមាន កញ្ញា មាន សូនីតា,កញ្ញា ឌុច លីដា, នាង ប៊ីរីយ៉ា, កញ្ញា ចាន់ ស្រីរ័ត្ន, លោក សេម (ឆាលី), ជេកគី, ជី រតនា, អាន តូនី និងតារាល្បីៗជាច្រើនរូបទៀត។ លោក បន្តថា រឿងនេះ នឹងមាននិពន្ធបទភ្លេងថ្មីៗ ដោយតារាចម្រៀងដ៏ល្បីៗនៅកម្ពុជា។
សូមបញ្ជាក់ថា ខ្សែភាពយន្ត «ស្នេហ៍ស្វ័យគុណបួន» មានគម្រោងថតរយៈពេល១ខែ ហើយរឿងនេះ នឹងដាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៦នេះ មុននឹងដាក់បញ្ចាំង នៅទូរទស្សន៍ CTN នាឆ្នាំក្រោយ៕