(កំពង់ឆ្នាំង)៖ ករណីគ្រួសារមួយមានសមាជិក ៣នាក់ប្ដីប្រពន្ធ និងកូនប្រុសម្នាក់អាយុ១២ឆ្នាំ ដែលបានជួបឧបទ្ទវហេតុលិចទូកកណ្ដាលទន្លេហើយបាត់ខ្លួន២នាក់ប្ដីប្រពន្ធ ដោយឡែកកូនប្រុសបានហែលទឹករួចផុតពីសេចក្តីស្លាប់ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សពបុរសជាប្ដីសមត្ថកិច្ចទើបតែរកឃើញនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ ខណៈសពប្រពន្ធត្រូវបានរកឃើញកាលពីម្សិលមិញ។
នាយប៉ុស្តិ៍រដ្ឋបាលពោធិ៍ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា បន្ទាប់ពីសមត្ថកិច្ច អាជ្ញាធរ រួមនិងប្រជាពលរដ្ឋបានរួមគ្នាយ៉ាងសស្រាក់សស្រាំក្នុងការរុករកសាក សព២នាក់ប្ដីប្រពន្ធ អស់រយៈពេល២យប់៣ថ្ងៃកន្លងមកនេះ សពប្រពន្ធបានរកឃើញនៅថ្ងៃបន្ទាប់នោះផងដែរ។
ចំណែកសពបុរសជាប្ដីក៏ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ ទើបរកឃើញនៅវេលាម៉ោងប្រមាណជា ៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដានេះផងដែរ។ ដោយសាកសពបុរសជាប្ដីបានអណ្ដែតចេញពីកន្លែងកើតហេតុប្រមា ណជាមួយគីឡូម៉ែត្រ ហូរតាមទឹកមកទើនៅលើកំប្លោក។
សាកសពត្រូវបានយកទៅធ្វើបុណ្យឯស្រុកកំណើតនៅ ក្នុងស្រុកកំពង់លែង ដោយមានអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋជួយចាត់ចែងនៅក្នុងកម្មវិធីបុណ្យសពទាំងពីរនាក់ប្ដីប្រពន្ធខាងលើនេះយ៉ាងយកចិត្តទុកដាក់ផងដែរ។
នាយប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ បានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុគ្រួសារ២នាក់ប្ដីប្រពន្ធ រួមទាំងកូនប្រុសម្នាក់អាយុ១២ឆ្នាំ បានចេញទៅរកចាប់គីង្គក់ដើម្បីយកមកលក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃដូច សព្វដង ដោយសារតែគ្រួសាររបស់ពួកគាត់មានជីវភាពខ្វះខាត តែជាអកុសលក៏បានលិចទូកកណ្ដាលទន្លេបណ្ដាលឲ្យបាត់បង់ជីវិតទាំង២នាក់ប្ដីប្រពន្ធយ៉ាងអណោចអធម ដោយឡែកកូនប្រុសអាយុ១២ឆ្នាំម្នាក់ ជីវិតថ្លៃក៏បានហែលមកដល់ច្រាំងរួចផុតពីគ្រោះថ្នាក់។
ជនរងគ្រោះទាំង៣នាក់ខាងលើនេះបុរសជាប្ដីមានឈ្មោះ រ៉េន រិទ្ធ អាយុ៣៩ឆ្នាំ ប្រពន្ធមានឈ្មោះ អេង យីម អាយុ៤២ឆ្នាំ ចំណែកកូនប្រុសឈ្មោះ ប៉ុន បញ្ញាស័ក អាយុ១២ ឆ្នាំបានរួចផុតពីគ្រោះថ្នាក់ គ្រួសាររងគ្រោះ មានទីលំនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង៕