(កណ្ដាល)៖ ក្រុមគ្រួសារជនរងគ្រោះខ្មែរឥស្លាម ដែលត្រូវបានចោរប្លន់៦នាក់វាយប្លន់កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅ បានស្នើសុំដល់សប្បុរសជនទាំងអស់ មេត្តាជួយឧបត្ថម្ភថវិកាជួយផ្គត់ផ្គង់ថ្លៃពេទ្យ ខណៈដែលជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់ ក្នុងបន្ទប់ ICU នៃមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ។

បុរសរងគ្រោះឈ្មោះ ម៉ាន ម៉ាអាត អាយុ៤៩ឆ្នាំ ជនជាតិខ្មែរឥស្លាម និងប្រពន្ធឈ្មោះ ម៉េត ចាន់នី មានទីលំនៅនៅភូមិបារ៉ែក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ អ្នកទាំង២ ត្រូវបានចោរស្ទាក់វាយប្លន់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៥៖៣០នាទីរៀបភ្លឺ។

សូមជម្រាបថា ពីរនាក់ប្តីប្រពន្ធដែលមានឈ្មោះដូចខាងលើនេះ បានដឹកសាច់គោយកទៅបោះឲ្យម៉ូយនៅផ្លូវជាតិលេខ០១ ដូចសព្វដងជាប្រចាំថ្ងៃ លុះបើកម៉ូតូដឹកសាច់គោទៅដល់ចំណុចប្រសព្វផ្លូវស្រែអំពិល ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏ត្រូវបានចោរមួយក្រុមមានគ្នា៦នាក់ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូបណ្ដាលឲ្យរងរបួសជាទម្ងន់។
សព្វថ្ងៃនេះកំពុងតែសំរាកព្យាបាលសង្រ្គោះបន្ទាន់ នៅអគារវះកាត់ប្រព័ន្ធប្រាសាទ ជាន់ទី០២ បន្ទប់លេខ៩២២៤ គ្រែលេខE4 នៃមន្ទីរពេទ្យកាល់ម៉ែត។

សូមបញ្ជាក់ថា ដោយសារភាពខ្វះខាតថវិកាសម្រាប់ព្យាបាល ក្រុមគ្រួសារជនរងគ្រោះស្នើសុំសប្បុរជនមេត្តាជួយឧបត្ថម្ភផង តាមរយៈគណនេយ្យធនាគារដូចបានភ្ជាប់ជាមួយ និងទូរស័ព្ទលេខ ០៩៧ ៤៩១ ៦៤៩៦ ជាលេខប្រពន្ធជនរងគ្រោះផ្ទាល់៕