គ.ជ.ប ពិចារណាលើសំណើរបស់ CNRP ជុំវិញការសម្រួលដល់កម្មករចុះឈ្មោះបោះឆ្នោត ប៉ុន្តែថាមន្រ្តីត្រូវការសម្រាកដែរ
01-08-2016 15:15
(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានប្រាប់ Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលសំណើ ពីគណបក្សសង្រ្គោះជាតិ ជាផ្លូវការនៅឡើយទេ ពាក់ព័ន្ធនឹងការស្នើឱ្យ គ.ជ.ប ធ្វើការនៅថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ដើម្បីចុះឈ្មោះបោះឆ្នោតដល់កម្មករ ដែលទៅលេងស្រុកកំណើត។
លោកអះអាងថា បើសិនជាមានសំណើបែបនេះមែននោះ គ.ជ.ប នឹងលើកទៅពិចារណា ឱ្យតែសមហេតុសមផល ប៉ុន្តែលោកថា មន្រ្តី គ.ជ.ប ក៏ត្រូវការឈប់សម្រាកតាមច្បាប់បុណ្យជាតិ និងជួបជុំគ្រួសារនៅថ្ងៃនោះផងដែរ។
លោកថា «ជាជំហររបស់គ.ជ.ប ទី១.ស្វាគមន៍ចំពោះអនុសាសន៍ទាំងឡាយដែលធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតកាន់តែល្អប្រសើរ ទី២ប្រសិនបើទទួលបានសំណើជាលាយល័ក្ខអក្ស នឹងដាក់ជូនអង្គប្រជុំគ.ជ.ប ដើម្បីធ្វើការសម្រេចស្តីពីបញ្ហានេះ ទី៣. ឱ្យតែអនុសាសន៍ទាំងឡាយណា ធ្វើឱ្យការបោះឆ្នោតមានភាពជឿនលឿន បានន័យថាស្របច្បាប់ អាចអនុវត្តបាន និងមានប្រយោជន៍ដល់ការបោះឆ្នោតនោះ គ.ជ.ប នឹងធ្វើការពិចារណា ប៉ុន្តែរហូតដល់ម៉ោងនេះ គ.ជ.ប ពុំទាន់ទទួលបានអនុសាសន៍ ឬសំណើនេះ ដើម្បីដាក់ទៅអង្គប្រជុំនៅឡើយទេ»។
ការអះអាងរបស់ លោក ហង្ស ពុទ្ធា បែបនេះ បានធ្វើឡើងបន្ទាប់ពី មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានប្រកាសអំពីគម្រោងដាក់សំណើចំនួន២ ទៅកាន់គ.ជ.ប និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រួលដល់កម្មករ ក្នុងការចុះឈ្មោះបោះឆ្នោត។ លោក អេង ឆៃអ៊ាង បានអះអាងថា CNRP នឹងដាក់សំណើឱ្យមន្រ្តីគ.ជ.បធ្វើការ២ថ្ងៃ នៅក្នុងថ្ងៃឈប់សម្រាកសម្រាប់បុណ្យភ្ជុំបិណ្យ៣ថ្ងៃ ដើម្បីចុះឈ្មោះដល់កម្មករ ដែលទៅលេងស្រុកកំណើត។
លោក ហង្ស ពុទ្ធា បានបន្ថែមថា «៣ខែ ស្មើនឹង៩០ថ្ងៃ គឺជារយៈពេលនៃការចុះឈ្មោះបោះឆ្នោត ក្នុងនោះនីតិវិធីចែងថា មិនឈប់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះទេ អញ្ចឹងបានន័យថា ការចុះឈ្មោះបោះឆ្នោត គឺហូរហែរហូត ដោយឡែកថ្ងៃបុណ្យភ្ជុំ នោះគឺជាថ្ងៃបុណ្យជាតិ ប្រហែលជាត្រូវគោរពទាំងអស់គ្នា ប៉ុន្តែថាឱ្យពិចារណាយ៉ាងណានោះ នឹងត្រូវពិនិត្យមើលលទ្ធភាព ច្បាប់ហើយ»។
សូមបញ្ជាក់ថា គ.ជ.ប បានប្រកាសអំពី ការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕