(ព្រះសីហនុ)៖ លោកស្រី កើត ពៅ ប្រធានការិយាល័យអភិរក្សសុរិយោដី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានផ្ញើលិខិតសុំកិច្ចអន្តរាគមន៍ ពីលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី ដោយលោកស្រីត្រូវបាន ដកលោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីខេត្ត ដកតួនាទី និងភារកិច្ចរបស់លោកស្រី ហើយកន្លែងធ្វើការថ្មីនេះគឺមានចម្ងាយរហូត ដល់១០៤គីឡូម៉ែត្រពីផ្ទះឯណោះ។ នេះបើយោងតាមលិខិតរបស់លោកស្រី ដែលបានផ្ញើជូនលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។
ក្នុងលិខិតដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃនេះ លោកស្រី បានឲ្យដឹងថា «នាងខ្ញុំមិនសុខចិត្តនោះទេ ដោយលោក នួន ប៉ុក ទើបទទួលបានតំណែង ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ រយៈពេល៤ខែប៉ុណ្ណោះ យកលេសពុំសមហេតុផលស្នើទៅអភិបាល នៃគណៈអភិបាលខេត្តដើម្បី ដកតួនាទី ភារកិច្ចនាងខ្ញុំពីប្រធានការិយាល័យអភិរក្សសុរិយោដីនៃមន្ទីរ ឲ្យទៅបម្រើការងារជាអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកំពង់សិលា ដែលមានចម្ងាយ១០៤គីឡូម៉ែត្រ ពីផ្ទះនាងខ្ញុំ»។
ជាងនេះទៅទៀត លោកស្រីបានបញ្ជាក់ជូន លោកទេសរដ្ឋមន្ដ្រី៤ចំណុចថា «ទី១-នាងខ្ញុំពុំដែលបានប្រព្រឹត្តកំហុសអ្វីសោះមកធ្វើការងារ ពុំដែលខកខាន ការងារគ្មានការកកស្ទះ ទី២-នាងខ្ញុំបម្រើការងារនៅការិយាល័យអភិរក្សសុរិយោដីនេះ យូរឆ្នាំមកហើយ ទី៣-នាងខ្ញុំជាឃោសនិករបស់គណបក្សប្រជាជន នៅឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ជាច្រើនអាណត្តិ និងទី៤-នាងខ្ញុំជាស្ដ្រីមេម៉ាយមានកូនតូចៗ២នាក់ ក្នុងបន្ទុកនៅឡើយ ត្រូវការនាងខ្ញុំមើលថែទាំ ពុំអាចទៅបម្រើការងារឆ្ងាយពីលំនៅដ្ឋានបានទេ»៕