(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរបស់សមាគមឧកញ៉ាកម្ពុជាជាគោលការណ៍ក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពគោរមងារឧកញ៉ា និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា។ នេះបើយោងតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។
យោងតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រីលេខ៦៧៦ សជណ.មយ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលផ្តល់សិទ្ធឱ្យសមាគមឧកញ៉ាធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួលបានគោរមងារឧកញ៉ា និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់អ្នកទទួលបានគោរមងារជាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា។
សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្នសមាគមនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន៕