(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះលោក ស៉ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដែលបានផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះជ័យជម្នះសាជាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងក្នុងសារលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះលោក ស៉ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន៖
តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តមផ្ញើជូនខ្ញុំ សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការកោតសរសើរចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់ CPP។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC) ដែលមានឯកឧត្តមជាស្នូល សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចនូវគោលដៅ១០០ឆ្នាំទី២ ឆ្ពោះទៅសម្រេចនូវប្រជាជាតិដ៏រុងរឿងបំផុតក្នុងអនាគតដ៏ខ្លីខាងមុខ ក៏ដូចជាធានាបាននូវតួនាទីដ៏សំខាន់របស់ចិនក្នុងតំបន់ និងឆាកអន្តរជាតិ។
ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយសង្កេតឃើញថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយប្រទេសទាំងពីររក្សាបាននូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាពដែកថែប។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ខ្ញុំសូមធានាចំពោះឯកឧត្តមថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិនគឺមិនផ្លាស់ប្ដូរឡើយ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។
សូមឯកឧត្តមទទួលនូវការគោរពរាប់អានពីខ្ញុំ ព្រមទាំងសូមជូនពរឯកឧត្តមទទួលបាននូវសុខភាពល្អ និងទទួលបានជោគជ័យបន្ថែមទៀតក្នុងគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម។
គួរជម្រាបថា លោក ស៉ី ជិនពីង (Xi Jinping) បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ លិខិតអបអរសាទររបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣៕