(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវ នៅព្រឹកថ្ងៃទី១ ខែសីហា ២០១៦ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមវេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោក WIEF លើកទី១២ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ២-៤ ខែ សីហា ឆ្នាំ២០១៦ ។
វេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោក WIEF លើកទី១២ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ២-៤ ខែសីហា ២០១៦ ដោយអញ្ជើញចូលរួមជាង ២,៥០០ នាក់ មកពីជាង ១០០ ប្រទេស ក្នុងនោះ មានប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីប្រមាណជាង ២០ ប្រទេស ក្រោមប្រធានបទ « ការធ្វើវិមជ្ឈការកំណើននិងការបង្កើន សក្តានុផលធុរកិច្ចអនាគត »។
WIEF ត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃទី ១៥ តុលា ឆ្នាំ ២០០៣ ដោយផ្តោតសំខាន់នូវស្ថានភាពទូទៅលើការអភិវឌ្ឍ វិស័យធនាគារឥស្លាម វិស័យហិរញ្ញវត្ថុ វិស័យវិនិយោគ វិស័យសេដ្ឋកិច្ចបែបទំនើប វិស័យសិក្សាធិការ វិស័យបច្ចេកវិទ្យា វិស័យទេសចរណ៍ វិស័យអាហារហាឡាល់ វិស័យថាមពលជំនួសដោយទឹក វិស័យសុខភាពជាដើម។ល។
គួរបញ្ជាក់ផងដែរថា វេទិកាលើកទី១១ ឆ្នាំ ២០១៥ WIEF បានធ្វើនៅទីក្រុងកូឡាលំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី ៣-៥ ខែ វិច្ឆិកា ២០១៥ ដែលមានប្រធានាធិបតី នាយករដ្ឋមន្ត្រីជាង ៣០ ប្រទេសអញ្ជើញចូលរួម ក្នុងនោះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីផងដែរ។
វេទិកាតុមូលនេះ ក៏ត្រូវបាន WIEF ប្រារព្ឋធ្វើឡើងនៅសណ្ឋាគារ Intercontinental រាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០១៥កន្លងទៅ ក្រោមអធិបតីភាព លោក ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ឋសភា- រដ្ឋសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕