(សៀមរាប)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រាក់ចំនួន១៩គ្រួសារ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ និងរងគ្រោះដោយឆក់ចរន្ត អគ្គិសនីរបួសម្នាក់ នៅក្នុងស្រុកជីក្រែង និងឃុំឫស្សីលកចំនួន៩គ្រួសារ (រលំផ្ទះ២ខ្នង និងរបើកដំបូល៧ខ្នង) និងឃុំស្ពានត្នោត ១១គ្រួសារ (បើកដំបូល១០ខ្នង និងរបួសដោយឆក់ចរន្តអគ្គិសនីម្នាក់)។
ពិធីនេះដែរ រៀបចំឡើងពីរកន្លែងផ្សេងគ្នា នៅបរិវេណសាលាឃុំស្ពានត្នោត និងសាលាឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ លោក គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោក គុជ លីណា បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោក គុជ លីណា ក៏បានក្រើនរំឮកបងប្អូនប្រជាពលរដ្ឋដោយសារដូវវស្សា សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួល ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីពិគ្រោះនឹងព្យាបាលបានទាន់ពេលវេលា និងប្រយ័ត្នចំពោះកុមារតូចៗ កុំឲ្យមានប្រការអាក្រក់ណាមួយកើតឡើង ព្រោះនេះជារដូវវស្សា ពោពេញដោយទឹកនៅតាមវាលស្រែ តាមស្រះ ត្រពាំង ប្រឡាយជាដើម។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១ក្នុងគ្រួសារទទួល៖ គ្រួសាររលំផ្ទះ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល និង គ្រួសាររបើកផ្ទះដំបូល មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល៕