(ព្រះវិហារ)៖ លោក ហៀង ប៊ុនសេង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ មួយចំនួន យកមកប្រគេនព្រសង្ឃគង់នៅវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោក ហៀង ប៊ុនសេង បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប។
លោក ហៀង ប៊ុនសេង បានថ្លែងប្រគេនព្រះសង្ឃ ជម្រាបជូនលោកតា លោកយាយទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តែងយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិយើង។
លោកថា ទោះជាសម្តេចទាំងទ្វេរមមាញឹក ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ មិនអាចអញ្ជើញចូលរួមក្នុងពិធីបុណ្យសាសនា តាមវត្តអារ៉ាមនានាបាន តែសម្តេចលោកបានចាត់តំណាងនាំទេយ្យវត្ថុ និងបច្ច័យមកប្រគេនព្រះសង្ឃតាមវត្តអារ៉ាមនានា មិនដែលខាននោះឡើយ។
ជាក់ស្តែងនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តាំងក្រុមការងារនាំទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ច័យជាច្រើន មកប្រគេនព្រះសង្ឃគង់ នៅវត្តព្រះពុទ្ធមានជ័យ សម្រាប់ថ្ងៃបុណ្យចូលព្រះវស្សាខាងមុខនេះ ក៏ដូចជាការឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខ័ន្ធមហាឧបាសក មហាឧបាសិកា របស់សម្តេចទាំងទ្វេរ ព្រមទាំងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
លោកគ្រូចៅអធិការវត្តព្រះពុទ្ធមានជ័យ បានមានសង្ឃដីកាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់តំណាង នាំយកទៀនព្រះវិហារ និងទេយ្យវត្ថុ បច្ច័យមកប្រគេនព្រះសង្ឃនៅពេលនេះ។
ព្រះអង្គចៅអធិការវត្ត ក៏បានប្រគេនពរដល់សម្តេចទាំងទ្វេរ និងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមមានសុខភាពល្អ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យកាន់តែមានអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ម្យ៉ាងវិញទៀត សូមឧទ្ទិសបុណ្យកុសល្យ ដល់មហាឧបាសក មហាឧបាសិកា ដែលជាព្រះមាតា ព្រះបិតា សម្តេចទាំងទ្វេរ សូមអនុមោទនានូវបុណ្យកុសលជ្រះថ្លានេះ សូមសោយសុខនូវសុខគតិសួគ៍អស់កាលជាអង្វែងតរៀងទៅ៕