(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងក្រោមឱវាទ និងមានការចូលរួមពីលោក នង ធឿន អភិបាលរងក្រុង ចៅសង្កាត់និមិត្ត និងសហការី ព្រមទាំងព្រះតេជគុណព្រះចៅអធិការវត្តកូនដំរី បានយកអំណោយជាគ្រឿងអាហារបរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋ ជួបការលំបាក ហើយមានជម្ងឺប្រចាំកាយចំនួន៤គ្រួសារ រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ លោក នង ធឿន អភិបាលរងក្រុងប៉ោយប៉ែត បានថ្លែងថា គ្រួសារទី១ មានជម្ងឺ លើសឈាមធ្ងន់ធ្ងរទាំងប្តីប្រពន្ធ ទទួលបានអង្ករ៥០គីឡូក្រាម ប៊ីចេង២ គីឡូក្រាម ស្ករស២គីឡូក្រាម អំបិល២គីឡូក្រាម ខ្ទឹមស២គីឡូក្រាម សាច់មាន់៤គីឡូក្រាម មី២កេស ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ ប្រេងឆា៣ដប ទឹកសុទ្ធ៧យួរ ចានស្រាក់១ឈុត ត្រីខ២៤កំប៉ុង និងថវិកា៧០ម៉ឺនរៀល ចំណែកគ្រួសារផ្សេងទៀត ១គ្រួសារ ទទួលបានថវិកា៤៨ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់មួយ។ លោកបញ្ជាក់ថា ថវិកាទាំងនេះ បានមកពីការចូលរួមរបស់កងកម្លាំង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនមួយចំនួន សរុបជាងជាង៥លានរៀល៕