(បន្ទាយមានជ័យ)៖ ក្រុមជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន៦នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅកាន់តុលាការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរី បានប្រាប់ភ្នាក់ងារ Fresh News ថា «ជនសង្ស័យគ្រឿងញៀនទាំង៦នាក់កម្លាំងនគរបាលយើង ធ្វើការបង្រ្កាបចាប់ខ្លួនពីកម្លាំង នគរបាលស្រុកមង្គលបុរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការចង្អុលបង្ហាញបទបញ្ជាដ៏រឹងតឹង ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក មាស ច័ន្ទពិសិដ្ឋ រហូតឈានមកដល់ការបង្ក្រាប ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ក្នុងភូមិសាស្រ្ត ស្រុកមង្គលបុរី»។
លោកបានបន្ថែមថា បញ្ហាគ្រឿងញៀនកន្លងមក ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ របស់ស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានដាក់បទបញ្ជាឱ្យមានវិធានការ ម៉ឺងម៉ាត់បំផុតទៅលើការបង្ការ ទប់ស្តាត់ការបង្ក្រាបឱ្យមានប្រសិទ្ធភាព ហើយលោកឧត្តមសេនីយ៍ ក៏ធ្លាប់ប្រមានដកលោកនាយប៉ុស្ដិ៍ ផងទៀតបើអសកម្ម ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួននោះ។
លោកបញ្ជាក់ថា ជនសង្ស័យទាំង៦ដែលត្រូវបញ្ជូលខ្លួនទៅតុលាការនោះ ទី១-ឈ្មោះ ឆន អេង អាយុ៣២ ទី២-ឈ្មោះ ផន រិទ្ធី អាយុ២៥ឆ្នាំ ទី៣-ឈ្មោះ មុត ហៃ អាយុ៣២ឆ្នាំ ទី៤-ឈ្មោះ សន ស៊ីវន អាយុ២០ឆ្នាំ ទី៥-ឈ្មោះ រុន លីដា អាយុ ២៦ឆ្នាំ និងទី៦ ឈ្មោះ ឈឿន វណ្ណៈ អាយុ២៥ឆ្នាំ រួមជាមួយវត្ថុវត្ថុតាង គ្រឿងញៀន ប្រភេទមេតំហ្វេតាមីនអាយ៥ថង ទូរស័ព្ទដៃ៥គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត៕