(សៀមរាប)៖ កម្មវិធីអប់រំបេតិកភណ្ឌ ក្រោមប្រធានបទ «បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ» ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ។
គោលបំណងនៃកម្មវិធីអប់រំនេះ គឺបង្កើនចំណេះដឹងដល់សិស្សនិស្សិត អំពីការងារបេតិកភណ្ឌ និងលើកទឹកចិត្តឲ្យពួកគេចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារ ថែរក្សា និងលើកតម្លៃមរតកដូនតា។ គម្រោងអប់រំនេះ ត្រូវបញ្ចប់ត្រឹមតែម៉ោង៨៖៣០នាទីយប់ ប៉ុន្ដែបានអូសបន្លាយរហូតដល់ម៉ោង១០យប់ ដោយសារតែមានសំណួរយ៉ាងផុសផុល ពីសំណាក់និស្សិតដែលបានចូលរួម ហើយសំណួរទាំងនោះ គឺពាក់ព័ន្ធនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកដោយចីរវភាព នៅក្នុងរមណីយដ្ឋានអង្គរផ្ទាល់ដូចជា ហេតុផលដែលដាក់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហេតុផលដែលសសរខ្លះ នៃប្រាសាទអង្គរវត្តរងនូវភាពពុកផុយ ហេតុផលដែលអាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឲ្យសាងសង់លំនៅឋានថ្មី ក្នុងតំបន់អង្គរជាដើម។
លោក សុខ សង្វារ អគ្គនាយករង និងជាប្រធានក្រុមការងារចុះអប់រំបេតិកភណ្ឌ តាមសាលារៀន រួមនឹងអ្នកជំនាញគ្រប់ផ្នែកនៃអាជ្ញាធរជាតិអប្សរា បានឆ្លើយយ៉ាងច្បាស់លាស់តបនឹងសំណួររបស់និស្សិត។ លើសពីនេះ ក្រុមការងារ ក៏បានបើកឱកាសឲ្យនិស្សិតអាចទៅទស្សនា នៅរមណីយដ្ឋានដោយផ្ទាល់នៅពេលណាមួយ ដើម្បីឲ្យអ្នកជំនាញបានពន្យល់ជាក់ស្តែងនៅទីតាំងការដ្ឋានផ្ទាល់ ព្រមទាំងបង្ហាញនូវឯកសារសំខាន់ៗមួយចំនួនទៀត ដើម្បីឲ្យនិស្សិតអាចស្រាវជ្រាវបន្ថែម ដើម្បីបង្កើនចំណេះដឹងលើការងារបេតិកភណ្ឌ។
ក្នុងនោះដែរ លោក សុខ សង្វារ បានសរសើរដល់ទឹកចិត្តរបស់ក្រុមនិស្សិតទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្លាំង លើការងារអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់អង្គរ។ លោកបញ្ជាក់ថា តាមរយៈសំណួរយ៉ាងផុសផុលនេះ បញ្ជាក់ថា ប្អូនៗនិស្សិតពិតជាបានចាត់ទុកបេតិកភណ្ឌអង្គរជាវត្ថុដ៏មានតម្លៃរបស់ខ្លួន ហើយខ្លួនទាមទារការយល់ដឹងលើការងារអភិរក្សទាំងនេះ ព្រមទាំងមានឆន្ទៈដ៏មុតមាំនេះហើយ ដែលជាក្តីសង្ឃឹមរបស់ជាតិយើង។ លោកក៏បានជំរុញទឹកចិត្ត ដល់និស្សិតទាំងអស់ឲ្យមានការចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានអង្គរ តាមអ្វីដែលខ្លួនអាចធ្វើបាន ដូចជា តាមរយៈការគោរពក្រមប្រតិបត្តិអង្គរ ដើម្បីជាគំរូល្អដល់មនុស្សទូទៅ ការផ្សព្វផ្សាយអំពីអង្គរដល់ពិភពលោក តាមរយៈបណ្តាញសង្គមជាដើម។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមការងារអប់រំបេតិកភណ្ឌ បានចុះផ្សព្វផ្សាយតាមសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប បន្ទាប់ការចុះអប់រំលើកទី១ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យអង្គរ កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ។ តាមគម្រោង ក្រុមការងារនឹងចុះផ្សព្វផ្សាយគ្រប់សាកលវិទ្យាល័យ វិទ្យាស្ថានទាំងអស់ក្នុងខេត្តសៀមរាប និងបណ្តាអនុវិទ្យាល័យ វិទ្យាល័យទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ លើសពីនេះ ក្រុមការងារក៏គ្រោងនឹងចុះអប់រំបេតិកភណ្ឌនេះ ដល់និស្សិតតាមបណ្តាសាកលវិទ្យាល័យធំៗ នៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតដែរ៕