(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (CYP) នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសថា នឹងបន្តធ្វើយុទ្ធនាការ១០០រាត្រី របស់លោកបណ្ឌិត កែម ឡី ដើម្បីស្រាវជ្រាវពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងខេត្តត្បូងឃ្មុំ រយៈពេល៨១ថ្ងៃ។
បណ្ដាញសង្គមរបស់គណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានឱ្យដឹងថា លោកនឹងចុះសម្រាកតាមផ្ទះរបស់ពលរដ្ឋខ្មែរ ឲ្យបាន៨១រាត្រី ដើម្បីស្រាវជ្រាវពីជីវភាពពិត របស់ប្រជាពលរដ្ឋខ្មែរទូទាំងខេត្តត្បូងឃ្មុំ និងដើម្បីសម្រេចគោលបំណងរបស់លោកបណ្ឌិត កែម ឡី ដែលលោកបានចុះធ្វើយុទ្ធនាការ១០០រាត្រីនេះ បានតែ១៥រាត្រី មុនលោកទទួលមរណភាព។
ប្រធានគណបក្សថ្មីមួយនេះ បានបន្តថា «គម្រោង១០០រាត្រីនេះ ខ្ញុំ ពេជ្រ ស្រស់ ស្ម័គ្រចិត្តចុះបន្ត៨១រាត្រី ហើយនៅសល់៤រាត្រីទៀត ទុកឲ្យយុវជនស្នេហាជាតិផ្សេងទៀត ចុះធ្វើបង្រ្គប់»។
សូមជម្រាបថា យុទ្ធនាការ១០០រាត្រី ជាបេសកកម្មចុងក្រោយរបស់ លោក កែម ឡី ដោយលោកបានចុះទៅស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីពន្យល់ពីបញ្ហាទឹកដី ក៏ដូចជាបញ្ហាដែនកោះជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម ហើយយុទ្ធនាការនេះផងដែរ ត្រូវបានលោក កែម ឡី ចុះធ្វើបានតែ១៥រាត្រីប៉ុណ្ណោះ មុនពេលលោកទទួលមរណភាព៕