(កណ្ដាល)៖ លោក ហាក់ សុខមករា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់តាក្តុល បានចុះថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាភូមិទាំង៤ ក្នុងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប ដែលមិនធ្លាប់មានកន្លងមក ក្នុងនោះក្នុងសង្កាត់តាក្តុល ទទួលបានសំឡេងគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋសរុបចំនួន ២ ៩៨៧សំឡេង លើសមាជិកបក្សសរុប ៣ ២៣៥នាក់ ស្មើនឹង ៩២,៣៣%។

លោក ហាក់ សុខមករា បានលើកឡើងថា រាល់សមិទ្ធផលទាំងអស់សុទ្ធតែបានរួមចំណែកពីការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងធនធានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ជាតិ និងលើកស្ទួយជីវភាពប្រជាជនសម្រេចជោគជ័យ ក្នុងការអនុវត្តន៍នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោក ហាក់ សុខមករា បន្ដថា គ្រប់សកម្មភាពទាំងអស់នេះ បានធ្វើឲ្យយើងមានការអភិវឌ្ឍន៍គួរឲ្យមានមោទនភាព បានធ្វើឲ្យប្រជាជន សមាជិកសមាជិកា និងយុវជនគណបក្សមានការគាំទ្រ និងជឿជាក់ចូលរួមបោះឆ្នោត តាមឆន្ទៈរបស់ខ្លួន គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

លោកថា «យើងខ្ញុំសង្ឃឹមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាអាណ្ដតិទី៧ បន្តពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ កាន់តែរីកចម្រើនថែមទៀត។ ជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរ គុណចំពោះក្រុមការងារ សូមប្រកបដោយពរប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ»៕