(ភ្នំពេញ)៖ ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក ឃួង ស្រេង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមការងារចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង១៤ ក្រុមការងារចុះជួយតាមបណ្ដាសង្កាត់ទាំង១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មន្ត្រីគណបក្ស សកម្មជនគណបក្ស និងសមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពេលវេលាដ៏មានតម្លៃដើម្បីជួយគាំទ្រ ខិតខំប្រឹងប្រែង និងបំពេញការងារយ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ហើយបានដណ្ដើមជ័យជម្នះយ៉ាងធំធេងជូនគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ លោក ឃួង ស្រេង ក៏សូមថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង ២.២០៦ ការិយាល័យ ជាពិសេសបងប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា៨៥,៧៥% នៅរាជធានីភ្នំពេញ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយនឹងលទ្ធផលឈ្នះភ្លូកទឹកភ្នកដី ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពោលគឺជាការផ្តល់តម្លៃសច្ចធម៌នៃប្រវត្តិសាស្ត្រ និងអ្វីជា «កម្ពុជាពិត» ដែលគ្មានអានុភាពប្រតិកិរិយាទោះបីអាសិរពិសយ៉ាងណា អាចបិទបាំង ឬ បំភ័ន្តការពិតបានឡើយ។
ជារួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព សណ្តាប់ធ្នាប់ គ្មានអំពើហិង្សា ការគំរាមកំហែង ឬបាតុភាពណាមួយកើតឡើងនោះឡើយ ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា «ប្រព័ន្ធបោះឆ្នោត និងដំណើរការនៃការបោះឆ្នោតនៅប្រទេសកម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាសកល សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌» ហើយកាន់តែបង្ហាញឱ្យឃើញថា «ប្រជាពលរដ្ឋទាំងអស់ត្រូវការរស់នៅ និងប្រកបធុរកិច្ចក្រោមដំបូលនៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា»។
ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមយកឱកាសដ៏ថ្លៃថ្លានេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីគណបក្ស សកម្មជនគណបក្ស និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមមានសុខភាពល្អ មានសុភមង្គល និងទទួលបានជោគជ័យគ្រប់តួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីបន្តរួមចំណែកថែរក្សាសុខសន្តិភាព និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនកម្ពុជា៕