(ភ្នំពេញ)៖ ផលិតកម្ម B&S Good Day Video នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំពិធីក្រុងពាលីថតរឿង បែបមនោសញ្ចេតនាសម័យថ្មីមួយ មានចំណងជើងថា «ភ្លើងក្នុងបេះដូង» ដោយបានសហការជាមួយស្ថានីយទូរទស្សន៍ និងដើម្បីចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍នេះតែម្ដង។ ពិធីក្រុងពាលីនេះ គេសង្កេតឃើញមានការអញ្ជើញចូលរួម ពីសំណាក់ចាងហ្វាងផលិតកម្ម និងជាផលិតករ លោក ប៊ុន ស៊ា, ប្រធានផលិតករ លោក ចាន់ សុខហាវ, អ្នកដឹកនាំសម្ដែង លោក ស័ក្ត ស៊ីថន ព្រមទាំងតារាសម្ដែងក្នុងរឿង ជាច្រើននាក់ទៀត។
លោក ស័ក្ត ស៊ីថន អ្នកដឹកនាំសម្ដែងមានឈ្មោះល្បី ជាច្រើនឆ្នាំក្នុងពិភពសិល្បៈ បានថ្លែងឲ្យដឹងថា រឿង«ភ្លើងក្នុងបេះដូង» ជាប្រភេទរឿងបែបមនោសញ្ចេតនា គ្រួសារកាច់កុងគ្នា ច្រណែនដណ្ដើមកេរ្តិ៍ដំណែល និងឆ្លុះបញ្ចាំងពីការរស់នៅមិនចុះសម្រុងគ្នា របស់គ្រួសារបែបអភិជន។ «ភ្លើងក្នុងបេះដូង» ត្រូវបានផលិតឡើង ដោយក្រុមការងារមួយ មានជំនាញក្នុងការផលិតកុន ដោយត្រូវបានពង្រឹងទាំងតួសម្ដែង ឈុតឆាក ប្លង់ថត និងបច្ចេកទេស ដើម្បីឲ្យផ្ទៃរឿងមានគុណភាពល្អ បំពេញតម្រូវការរបស់ទស្សនិកជន។
អ្នកដឹកនាំសម្ដែងរឿងមានឈ្មោះល្បី តាំងពីឆ្នាំ២០០០ រូបនេះ បានលើកឡើងទៀតថា «ខ្ញុំសូមជម្រាបថា រឿង ភ្លើងក្នុងបេះដូង នេះ ជាប្រភេទរឿងសម័យ និយាយអំពីជីវិតរស់នៅក្នុងសង្គមគ្រួសារមួយ ដែលមានបងប្អូន មានចិត្តចង់បានទ្រព្យសម្បត្តិគ្នា បង្កើតភាពលោភលន់ មានកលល្បិចច្រើនក្នុងការធ្វើបាបបងប្អូនរួមលោហិត នៃគ្រួសារតែមួយ។ អ៉ីចឹងតួឯកប្រុស ក៏តម្រូវទៅលើតារាសម្ដែងថ្មីមួយរូប ដែលយើងមិនដែលបានឃើញគាត់សម្ដែងទេ ធ្លាប់តែបានឃើញគាត់លេងសៀក នៅតាមទូរទស្សន៍ តែឥឡូវនេះត្រូវបានអញ្ជើញគាត់ គឺលោក ហ្វី (ចាន់ បញ្ញា) ឲ្យចូលសម្ដែងក្នុងរឿងនេះតែម្ដង..!»។
លោកបានបន្ថែមទៀតថា ដោយឡែកតួឯកស្រី គឺកញ្ញា ស៊ីន សក្កដា គឺជានិសិ្សតនៅសាលាវិចិត្រសិល្បៈ ដោយបានធ្វើតេស្ដទឹកមុខ និងសមត្ថភាពយ៉ាងត្រឹមត្រូវ ព្រោះតួស្រីត្រូវសម្ដែងជាតួកម្សត់ ទុក្ខសោក ស្រគត់ស្រគំ និងរងទុក្ខលំបាកក្នុងជីវិត នៅក្នុងគ្រួសារ ដោយសារជួបតែមនុស្សឈ្នានីស និងផ្ដន្ទាក្នុងជីវិត។
លោក ស័ក្ត ស៊ីថន បានសង្កត់ធ្ងន់ថា យ៉ាងណាមិញក្នុងសាច់រឿង «ភ្លើងក្នុងបេះដូង» ក៏មានបង្កប់គំនិតអប់រំជាច្រើន ជាពិសេសគឺបង្ហាញពីក្រមសីលធម៌ របស់គ្រូពេទ្យ ដែលបានខ្នះខ្នែងជួយព្យាបាលអ្នកជំងឺ។ នេះជាលើកទី១ហើយ ដែលលោកបានចូលរួមដឹកនាំសម្ដែងរឿង ដាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ ហើយបើទោះបីជាលោកប្រឹងប្រែង ខំផលិតខ្សែភាពយន្តនេះ មិនបានទទួលផលចំណេញក្ដី ប៉ុន្តែលោកនៅតែបន្តខំប្រឹង ដើម្បីលើកស្ទួយវិស័យ និងបង្កើតការងារឲ្យបងប្អូនជាតារាសម្ដែង។ ម្យ៉ាងទៀតលោក ក៏ស្រឡាញ់ការងារនេះផងដែរ។
សូមបញ្ជាក់ថា រឿង«ភ្លើងក្នុងបេះដូង» មានចំនួន៣០ ភាគ ដោយមានការចូលរួមសម្ដែងដោយតារាល្បីៗដូចជា លោក ចាន់ បញ្ញា, កញ្ញា ស៊ីន សក្កដា, លោក តុប វិសាល, កញ្ញា កុល ដាវី, សន ពិសិដ្ឋ, កញ្ញា សឿន ស្រីស្រស់, លោក គង់ វណ្ណៈ, កញ្ញា ឌី ល័ក្ខរស្មី, លោក ព្រហ្ម ប្រសិទ្ធី, កញ្ញា សំ លីនណា ព្រមទាំងតារាកិត្តិយសជាច្រើនដួងទៀត៕