(ភ្នំពេញ)៖ សមាគមសម្ពន្ធយុវជនដើម្បីសន្តិភាព និងអង្គការ សមាគម សហជីពវិស័យឯកជនសរុបចំនួន១៣នៅកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ការគាំទ្រ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅកម្ពុជា កាលពីនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាពគ្នា ស្របតាមបទដ្ឋាននៃប្រទេស ក្រកាន់ប្រជាធិបតេយ្យ។
សេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា «យើងខ្ញុំទាំងអស់គ្នាជា ប្រធានអង្គការ សមាគម សហព័ន្ធសហជីព បានមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ គឺបានប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ ត្រឹមត្រូវ ស្មើភាពដោយចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ប្រកបដោយប្រជាធិបតេយ្យ សេរី ពហុបក្ស។
យើងខ្ញុំទាំងអស់គ្នា ជាប្រធាន អង្គការ សមាគម សហព័ន្ធសហជីព បានសង្កេតឃើញថា គណៈកម្មាធិការជាតិរៀចចំការបោះឆ្នោត បានអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធនិងការបោះឆ្នោតចូលរួមតាមដានសង្កេតមើលការបោះឆ្នោតយ៉ាងច្រើនកោះករ ក្នុងនោះរួមមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍មកពីគ្រប់គណបក្សនយោបាយឃើញថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហឹង្សា គ្មានការគំរាមកំហែង និងបំភិតបំភ័យឡើយ។
យើងខ្ញុំទាំងអស់គ្នាជាប្រធាន អង្គការ សមាគម សហព័ន្ធសហជីព សូមគាំទ្រនិងចូលរួមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានធានាការប្រព្រឹត្តទៅដោយរលូន និងតម្លាភាពនៃការ បោះឆ្នោតនៅកម្ពុជា និងធ្វើឲ្យមានភាពជឿជាក់លើគ្រប់មជ្ឍដ្ឋានពាក់ព័ន្ធចំពោះដំណើរការប្រជាធិបតេយ្យ»។