(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងថា តាមរបាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពទាំង៤លើក ពិសេសក្នុងឆ្នាំ២០១៥ បានបង្ហាញឲ្យឃើញថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ដោយកាត់បន្ថយអត្រាមរណភាពមាតា មកនៅ១៧០នាក់ក្នុង ១០០,០០០កំណើតរស់ អត្រាមរណភាពទារកទើប នឹងកើតបានថយចុះមកនៅ ១៨នាក់ ក្នុង១,០០០កំណើតរស់។
លោករដ្ឋមន្ដ្រីបានលើកឡើង ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ផែនទីចង្អុលសម្រាប់ផ្លូវពន្លឿន ការកាត់បន្ថយមរណភាពមាតា និងទារក២០១៦-២០២០ និងផែនការកែលម្អសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត ២០១៦-២០២០ នាទីស្ដីកាក្រសួងទៀតថា សម្រាប់អត្រានៃការពិនិត្យផ្ទៃពោះ២ដង បានកើនដល់ ៩២% សម្រាលកូនដោយឆ្មប ជំនាញសម្រេចបាន៨៩% ការសម្រាលកូនដោយឆ្មបជំនាញ នៅមូលដ្ឋានសុខាភិបាលកើនដល់៨៣% ការសម្រាលកូនដោយវះកាត់កើនដល់ ៦៣% និងការទទួលបាននូវសេវាសម្ភព ចំពោះស្រ្ដីក្រីក្រ ក៏មានការកើនឡើងផងដែរ ដោយសមាមាត្រនៃប្រជាជនក្រីក្រ គ្របដណ្ដប់ដោយមូលនិធិសមធម៌បានកើនឡើងដល់៩០%។
លោករដ្ឋមន្ដ្រីបន្ដថា «ខ្ញុំសូមអំពាវនាវដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់ ចម្បងបំផុតនោះ ត្រូវយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដល់សុខភាពមាតា និងទារក ជាសកលបន្ថែមទៀត ហើយមានកត្ដាចាំបាច់អ្វីមួយ ឬស្ថានការណ៍ប្រជាពលរដ្ឋមានការខ្វះខាតថវិកាអី មិនចាំបាច់យកថវិកាគាត់ទេ ហើយត្រូវពិនិត្យឲ្យបានដិតដល់ ដើម្បីជួយសង្គ្រោះគាត់ ឲ្យផុតពីសេចក្ដីស្លាប់ ដើម្បីឈានទៅសម្រេចបានបន្ថែមទៀត នូវការកាត់បន្ថយ មរណភាពមាតា និងទារក និងដោះស្រាយបញ្ហាមួយចំនួន ដែលនៅសេសសល់ ដូចជាការបង្កើនគុណភាព ការគ្របដណ្ដប់សេវាពន្យារកំណើត សេវាសម្ភព សង្គ្រោះបន្ទាន់ និងថែទាទារកទើបកើត សេវារំលូតកូន ប្រកបដោយសុវត្ថិភាព និងការលើកកម្ពស់ ការអនុវត្ដរបស់បុគ្គល គ្រួសារ និងសហគមន៍» ។
លោករដ្ឋមន្ដ្រីបន្ថែមថា «ក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះ យើងនឹងដាក់ឲ្យអនុវត្ដផងដែរ នូវផែនការកែលម្អសេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើត ឆ្នាំ២០១៦-២០២០ ដើម្បីជាមគ្គុទេ្ទស៍សម្រាប់ចង្អុលបង្ហាញ អំពីចំនួនមូលដ្ឋាន សុខាភិបាលជាក់លាក់ សម្រាប់ដំឡើងកម្រិតឲ្យស្របតាមស្ដង់ដារអន្ដរជាតិ និងធានាថាស្ដ្រី និងទារកអាចជៀសផុតពីគ្រោះថ្នាក់បាន ពិសេសតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដូចដែលរាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាថា នឹងសម្រេចនៅឆ្នាំ២០៣០»។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងសម្រេចឲ្យបាននូវគោលដៅកាត់ បន្ថយអត្រាមរណភាពមាតា ឲ្យចុះត្រឹម១៣០នាក់ ក្នុង១កំណើតរស់ សម្រាប់ទារក ទើបនឹងកើតនៅត្រឹមតែ១៤នាក់ ក្នុង១ពាន់កំណើតរស់ នៅដំណាច់ឆ្នាំ២០២០ ខាងមុខនេះ៕