(ភ្នំពេញ)៖ រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានក្រើនរំលឹកទៅដល់មន្រ្តីនៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ ដែនជាមួយប្រទេសជិតខាង ចាត់វិធានការឲ្យបានតឹងរឹងបំផុត ទប់ស្កាត់កុំឲ្យមានការលួចនាំចូលសាច់សត្វតាមច្រករបៀង ព្រោះសាច់សត្វទាំងនោះ អាចជាសាច់ខូចគុណភាប ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ហើយក៏នាំឲ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ ផងដែរ។ លោករដ្ឋមន្រ្តី បានពញាក់អារម្មណ៍មន្រ្តីថា ត្រូវគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋជាធំ មិនត្រូវគិតពីលុយសម្រាប់ប្រយោជន៍ ផ្ទាល់ខ្លួនជាធំនោះឡើយ។

ការថ្លែងក្រើនរំលឹករបស់លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជាអធិបតីផ្សព្វផ្សាយ ជាសាធារណៈនូវច្បាប់ស្តី ពីច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារអ៉ីនធើខុន។

ក្នុងពិធីផ្សព្វផ្សាយច្បាប់ ដែលគេរំពឹងថា នឹងជួយលើកកម្ពស់សុខភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរនោះ លោក វេង សាខុន បានថ្លែងថា ការនាំចូលសាច់សត្វតាមច្រករបៀង មិនអាចកំណត់គុណភាពសាច់សត្វបាននោះឡើយ ព្រោះពុំមានការត្រួតពិនិត្យច្បាស់លាស់។

លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «ខ្ញុំសូមរំលឹកដល់មន្រ្តីរបស់យើង ដែលនៅខេត្តជាប់ព្រំដែន ត្រូវតែរឹតបន្តឹងឲ្យមែនទែនពាក់ព័ន្ធចំណុចនេះ ដែលមិនត្រឹមតែធ្វើឲ្យកសិកររបស់យើងខកចិត្តក្នុងការចិញ្ចឹមនោះទេ ប៉ុន្តែវាពាក់ព័ន្ធសុខភាពសាធារណៈ របស់ប្រជាជនរបស់យើងទៀត ព្រោះការនាំចូលតាមច្រករបៀង ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់នោះ យើងមិនអាចកំណត់ថា សាច់សត្វទាំងអស់នោះ គឺប្រកបដោយគុណភាពនោះទេ ត្រូវតែមានវិធានការតឹងរឹងមែនទែន។ កុំយកបញ្ហា ដែលដោះស្រាយបញ្ហាជីវភាព ឬបញ្ហាលុយកាក់ជាធំឲ្យសោះ ខ្ញុំមើលឃើញមានគ្រោះថ្នាក់ធ្ងន់ណាស់»

ក្រៅពីសាច់សត្វ ប្រហិតក៏ជាបញ្ហាប្រឈមសម្រាប់សុខភាពផងដែរ ដែលលោក វេង សាខុន ទាមទារឲ្យមានការត្រួតពិនិត្យ ឲ្យបានខ្ពស់មុននាំចូល។ លោក វេង សាខុន បានរំលឹកថា នៅដើមខែកក្កដា កន្លងទៅ ក្នុងពេលរូបលោកចុះទៅប្រកាសតំណែងប្រធានមន្ទីរកសិកម្មខេត្តកោះកុង លោកបានបរិភោគហតដកមួយ ហើយធ្វើឲ្យបេះដូង របស់លោកធ្វើដំណើរការខុសធម្មតា រហូតបង្ខំឲ្យរូបលោកប្រើថ្នាំរហូតដល់ទៅពីរគ្រាប់ ដើម្បីសម្រួលចង្វាក់បេះដូងឡើងវិញ។

លោក វេង សាខុន បានអះអាងថា ការបរិភោគហតដកនាំឲ្យបេះដូង របស់លោកមានបញ្ហា ដោយសារហតដកមានប្រើសារធាតុគីមី ដើម្បីរក្សាទុកបានយូរ។ លោកថា សារធាតុនេះ នឹងអាចបង្កទៅជាជំងឺមហារីក ហើយក៏ប៉ះពាល់ដល់ប្រព័ន្ធប្រសាទមនុស្សផងដែរ។

បើតាមលោករដ្ឋមន្រ្តី វេង សាខុន ការនាំចូលសាច់សត្វតាមច្រករបៀងនេះ មិនត្រឹមតែបង្កទុក្ខទោសដល់សុខភាពប្រជាពលរដ្ឋនោះទេ តែវាក៏នឹងនាំឲ្យបាត់បង់ចំណូលជាតិផងដែរ ព្រោះការនាំចូលតាមច្រករបៀងមិនមានការបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវនោះឡើយ៕