(អាមេរិក)៖ អង្គការ NASA របស់អាមេរិកបានសិក្សាពីគំរោងមួយ ដែលនឹងត្រូវជះលុយចំនួន ១ពាន់លានដុល្លារ ក្នុង រយៈពេល៧ឆ្នាំដើម្បីផលិតយាន ដែលអាចធ្វើការចុះចតលើអាចម៍ផ្កាយឈ្មោះ Bennu ដែលក្រុមអ្នកវិទ្យាសាស្ត្រ ជឿជាក់ថាមានផ្ទុកសរីរាង្គនៃជីវិត ហើយក៏នឹងអាចបុកផែនដីនៅចុងសតវត្ស៍ឆ្នាំ ២១០០ ខាងមុខនេះដែរ។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន RT របស់រុស្ស៊ី នាព្រឹកថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦។
លោកស្រី Dante Lauretta សាស្ត្រាចារ្យនៃសកលវិទ្យាល័យ វិទ្យាសាស្ត្រភព Arizona របស់អាមេរិកដែលកំពុងសិក្សា លើគំរោងផលិតយានបំពេញបេសកកម្ម OSIRIS-REx បាននិយាយថា «វាអាចត្រូវបានកំណត់ ឲ្យមកបង្កក្តី អន្តរាយនិងការស្លាប់។ វាត្រូវបានរកឃើញកាលពីឆ្នាំ ១៩៩៩ ដែល Bennu នេះមានប្រវែងព័ទ្ធជុំវិញ ៥០០ម៉ែត្រ និងទម្ងន់ ៦០លានតោន ហើយវាកំពុងធ្វើដំណើរក្នុងល្បឿន ១០០,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង»។ បើតាមការគណនារបស់ NASA វាអាចនឹងមានឱកាសបុកផែនដីនៅឆ្នាំ ២១៧៥ និង ២១៦៩។
គួរបញ្ជាក់ថា Bennu មានអាយុកាល ៤ពាន់លានឆ្នាំមកហើយ ដោយវាត្រូវបានគេចាត់ចូលជាប្រភេទអាចម៍ផ្កាយ លំដាប់ Panspermia ដែលទំនងជាវត្ថុដែលបាននាំអង្គធាតុទឹក មកកាន់ផែនដីដំបូងផងដែរ។ វាកំពុងធ្វើដំណើរ នៅក្នុងគន្លងមិនឆ្ងាយពីផែនដីប៉ុន្មាននោះទេ ហើយឥទ្ធិពលរបស់ Bennu គឺស្មើនឹងវត្ថុធាតុផ្ទុះទម្ងន់ ៣ពាន់លានតោន ឯណោះប្រសិនបើវាមកទង្គិចនឹងភពផែនដីយើងនេះ ឬក៏អាចមានឥទ្ធិពលស្មើនឹងអាចផ្កាយដែលបានបុកផែនដី និងផ្តាច់ពូជដាយណូស័រ កាលពី ៦៦លានឆ្នាំមុនដូច្នោះឯង៕