Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការងាប់របស់សត្វផ្សោត នៅខេត្តក្រចេះ! រដ្ឋមន្រ្តីទេសចរណ៍ថា ខេត្តក្រចេះ និងស្ទឹងត្រែង «គ្មានសត្វផ្សោតគ្មានអ្នកទេសចរ»

01-08-2016 12:23

(ភ្នំពេញ)៖ ចំពោះការងាប់សត្វផ្សោត២ក្បាល (ម៉ែនិងកូន) ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅទន្លេមេគង្គ ខេត្តក្រចេះនោះ ត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទសចរណ៍ បានចាត់ទុកថា សត្វផ្សោតជាសក្តានុពលទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលអាចនិយាយបានថា «គ្មានសត្វផ្សោតគ្មានទេសចរ»

ការថ្លែងសង្កត់ធ្ងន់បែបនេះ ត្រូវធ្វើឡើងក្រោយពីមានសត្វផ្សោតញីមួយក្បាល និងកូនខ្ចីមួយក្បាលទៀត ត្រូវគេប្រទះឃើញស្លាប់ក្បែរ មាត់ច្រាំងទន្លេ ត្រង់ចំណុចភូមិបុសលាវ ឃុំថ្មបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃម្សិលមិញ។ សម្រាប់ករណីនេះ ត្រូវបានមន្រ្តី ជំនាញសន្និដ្ឋានថា អាចបណ្តាលមកពីរលូតកូន ព្រោះនៅជិតផ្សោតងាប់នេះ មានកូនផ្សោតមិនទាន់គ្រប់ខែមួយក្បាលងាប់នៅ ក្បែរនោះដែរ។

ក្នុងបណ្ដាញសង្គមរបស់ក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា សត្វផ្សោតទន្លេ បច្ចុប្បន្ននេះគេមិនអាចប្រទះឃើញ មានទៀតទេ ក្រៅពីប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទទួលខុសត្រូវរបស់ រដ្ឋបាលជលផល, គណៈកម្មាធិការ អភិរក្សសត្វផ្សោត ដោយមានការចូលរួមពីក្រសួងទេសចរណ៍ផង បានខិតខំការពាររក្សាយ៉ាងហ្មត់ចត់ និងអប់រំប្រជាពលរដ្ឋឱ្យមាន ការយល់ដឹង មិនបង្កមហន្តរាយទៅលើសត្វផ្សោត។ ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការ UNWTO បង្កើតបានសហគមន៍ ទេសចរណ៍ បង្កើតបានការងារមិនមែននេសាទយ៉ាងច្រើន ដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា «សត្វផ្សោតទន្លេ ត្រូវបានចាត់ទុកថាជាបតិកភណ្ឌធម្មជាតិ ដ៏មានតម្លៃសម្រាប់កម្ពុជាក៏ដូចរបស់ ពិភពលោក ហើយសត្វផ្សោតជាសក្តានុពលទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលអាចនិយាយបានថា គ្មានសត្វផ្សោត គ្មានទេសចរ»

លោករដ្ឋមន្រ្ត ថោង ខុន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ត្រូវចូលរួមថែរក្សាការពារសត្វផ្សោតទាំងអស់គ្នាកុំឱ្យមាន ការបាត់បង់ដោយកត្តាមនុស្សតទៅទៀត៕