(ភ្នំពេញ)៖ កម្មករ-កម្មការិនី រាប់រយនាក់បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីលើបដាទាមទារឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លុបចោលពាក្យសំដីដែលខ្លួនដែលបាន ស្នើឲ្យសហភាពអឺរ៉ុប បិទទីផ្សារនាំចេញពីកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។
លោក ហ្វា សាលី បន្តថា ការលើកបដា របស់កម្មករ-កម្មការិនី បានធ្វើឡើង៣ថ្ងៃហើយ ពោលគឺចាប់តាំងពី ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងនៅថ្ងៃច័ន្ទនេះ។ កន្លងមក កម្មករ-កម្មការិនី បានតវ៉ានិងលើកបដានេះ នៅរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត ដូចជា កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល កំពង់ចាម ជាដើម។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ឲ្យដឹងថា «កម្មករ-កម្មការិនី រាប់រយនាក់ នាំគ្នាលើកបដាទាមទារឲ្យ លោក សម រង្ស៊ី ប្រធានគណ បក្សសង្រ្គោះជាតិ លុបចោលពាក្យសំដីដែលខ្លួនបាន ស្នើឲ្យសហភាពអឺរ៉ុប បិទទីផ្សារនាំចេញពីកម្ពុជា។ កម្មករ-កម្មការិនី បារម្ភខ្លាចអត់ការងារធ្វើ ពួកគាត់ប្រាកដជាដាច់បាយ ហើយវាមិនប៉ះពាល់ តែកម្មករ៧០ម៉ឺននាក់ ៨០ម៉ឺននាក់ ៩០ម៉ឺននាក់ តែវាប៉ះពាល់ដល់ កម្មករ-កម្មការិនីរាប់លាននាក់»។
ប្រធានសម្ព័ន្ធសហជីពជាតិ រូបនេះ ក៏បានសំណូមពរដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លុបចោលពាក្យសំដីរបស់ខ្លួន និងបញ្ឈប់ការស្នើនេះ ដើម្បីរក្សាផលប្រយោជន៍ជូនកម្មករ-កម្មការិនី។ លោកបន្តថា បើលោក សម រង្ស៊ី រឺថ្នាក់ដឹកនាំនយោបាយដទៃទៀត ចង់ជួយកម្មករ-កម្មការិនី មិនត្រូវប្រើពាក្យ សំដីណាមួយ ប៉ះពាល់ដល់វិស័យកាត់ដេរ។
លោក ហ្វា សាលី អះអាងថា សកម្មភាពរបស់ថ្នាក់ដឹកនាំសហជីព រួមនឹងសកម្មភាពរបស់លោក នាពេលនេះមិនមែនកើតចេញពីរឿងនយោបាយ ហើយក៏មិនមែនជាឈ្នាន់នយោបាយ និងបំរើផលប្រយោជន៍នយោបាយ របស់នរណាម្នាក់នោះទេ។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំ ចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញមិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង RFI នាពេលកន្លងទៅ៕