(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន បានយកពាក្យបណ្តឹងទៅដាក់ នៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្តឹង លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៉ី ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។
លោក សម រង្ស៉ី កាលពីថ្ងៃទី១០ ខែកក្កដា បានចេញមុខចោទរាជរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយក្នុងឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីឃាតកម្មកើតឡើង។ ជុំវិញរឿងនេះរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យប្រធានគណបក្សប្រឆាំងនេះ បង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ជុំវិញការចោទប្រកាន់របស់ខ្លួន។
ដោយឡែក នាថ្មីៗនេះ តាមរយៈវិដេអូមួយស្តីពីការជួបពិភាក្សា ជាមួយសមាជិករបស់ខ្លួន លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៉ី ក៏បានចោទប្រកាន់ធ្ងន់ធ្ងរថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី តែម្តង។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការចោទប្រកាន់របស់ក្រុមមន្រ្តីបក្សប្រឆាំង មកលើរាជរដ្ឋាភិបាលនាពេលនេះ គឺជាទង្វើលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕