(ពោធិ៍សាត់)៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្តន៍ការប្រមូលពន្ធថាប់ត្រា នៅសាលប្រជុំសណ្ឋាគារ ខេអឹម។
ក្នុងពិធីផ្សព្វផ្សាយនេះ មានការចូលរួមជាអធិបតីភាពពីលោក កើត ឆែ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត លោក អោម ចន ប្រធាននាយកដ្ឋានច្បាប់ និងស្ថិតិ នៃអគ្គនាយកដ្ឋានពន្ធដារ រួមទាំងមន្រ្តីក្រោមឱវាទ និងមានការចូលរួមពីមន្រ្តីគ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធនានា មេឃុំ ចៅសង្កាត់គ្រប់បណ្តាស្រុកក្រុង។
លោក ឯក ច័ន្ទសិរី ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ បានថ្លែងថា ការផ្សព្វផ្សាយសេចក្តីណែនាំ អនុវត្តន៍ការប្រមូលពន្ធប្រថាប់ត្រានេះ បានរៀបចំឡើងដោយអគ្គនាយដ្ឋានពន្ធដារ សហការជារដ្ឋបាលសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយនូវបទបញ្ញាត្តិ ស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន ជូនដល់អាជ្ញាធរដែនដីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឲ្យបានយល់កាន់តែច្បាស់ពីកិច្ចដំណើរការ និងយន្តការក្នុងការប្រមូលពន្ធ ដើម្បីជំរុញឲ្យមានការគាំទ្រ និងពង្រឹងកិច្ចសហការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត សំដៅបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលពន្ធ និងការផ្តល់សេវាជូនប្រជាជន ដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់អចលនទ្រព្យ និងកម្មសិទ្ធិករមធ្យោបាយដឹកជញ្ជូន ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោក កើត ឆែ បានថ្លែងថា អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឋានៈជាសេនាធិការរបស់ក្រសួង និងរាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ចក្នុងការប្រមូលពន្ធអាករផ្ទៃក្នុង ទាំងថវិកាជាតិ ទាំងថវិកាថ្នាក់ក្រោមជាតិ និងចូលរួមក្នុងការកសាង គោលនយោបាយពន្ធក៏ដូចជា ការរៀបចំសេចក្តីព្រៀងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងការប្រមូលពន្ធអាករ។ ចំណូលពន្ធអាករទាំងនេះ ត្រូវបានប្រមូលនិងបង់ចូលថវិការដ្ឋ ក្នុងគណនីទោលរបស់រតនាគារជាតិ ហើយត្រូវបែងចែក និងប្រើប្រាស់យ៉ាងត្រឹមត្រូវ។
លោកបានបន្តថា ក្នុងបរិយាកាសនេះទាមទារឲ្យអគ្គនាយកពន្ធដារ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលពន្ធឲ្យបាន គ្រប់ផែនការឆ្នាំប្រកបដោយ ប្រសិទ្ធភាព និងស័ក្កិសិទ្ធភាព។ ដោយតម្រូវឲ្យអគ្គនាយដ្ឋានពន្ធដារ ត្រូវអនុវត្តន៏យ៉ាងម៉ឹងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយកែទម្រង់ស៊ីជំរៅ និងត្រូវចាប់យកយុទ្ធសាស្រ្តគៀរគរចំណូលពន្ធ ដើម្បីចូលថវិការដ្ឋ ឲ្យមានកំណើនពី ១ឆ្នាំទៅ១ឆ្នាំ៕