(ហុងកុង)៖ បន្ទាប់ពីបានបង្កការគំរាមកំហែងនៅប្រទេសហ្វីលីពីនរួចមក ព្យុះទីហ្វុង Nida បានធ្វើដំណើរមកដល់ ទីក្រុងហុងកុង ភាគខាងត្បូងប្រទេសចិនហើយ ខណៈដែលអាជ្ញាធរបានព្រមានថានឹងអាចកើតមាន ទឹកជំនន់ និងការបាក់ដីនៅ តំបន់នេះផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ សារព័ត៌មាន CNN នាព្រឹកថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦។
ព្យុះទីហ្វុង Nida នៅពេលនេះបានបង្កើនល្បឿនដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅហើយ ដែលវានឹងធ្វើដំណើរពី ភាគខាងត្បូងទៅកាន់ភាគពាយ័ព្យរបស់ប្រទេសចិនតែម្តង។ យ៉ាងណាក៏ដោយវាត្រូវបានគេព្យាករណ៍ថានឹងថមថយ ឥទ្ធិពលបន្តិច ប៉ុន្តែអាជ្ញាធរចិននៅតែបន្តការព្រមានទៅកាន់ប្រជាជននៅបណ្តាខេត្តភាគត្បូង ឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ជានិច្ច ព្រោះភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំង ប្រាកដអាចជាកើតមានឡើង។
គួរបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅនេះព្យុះកំណាចមួយបានវាយប្រហារភាគខាងជើងប្រទេសចិន ជាពិសេសខេត្ត Hebei បានកើតមានទឹកជំនន់ និងការបាក់ដី នាំឲ្យមនុស្សជាង ៣០០នាក់ស្លាប់ និងរាប់សិននាក់ទៀតបាត់ខ្លួន ខណៈផលដំណាំរាប់ម៉ឺនហិកតារងការលិចលង់ រួមជាមួយលំនៅដ្ឋាននិងទ្រព្យសាធារណយ៉ាងច្រើនសន្ធឹកសន្ធាប់ រងការបំផ្លាញគិតជាទឹកប្រាក់ជិត ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក៕