(ភ្នំពេញ)៖ ក្លឹបអ្នកនយោបាយខ្មែរ (ក.ន.ខ) បានចេញសេចក្តីថ្លែងការណ៍ រវាយតម្លៃខ្ពស់ចំពោះបរិយាកាសទូទៅ នៃដំណើរការបោះឆ្នោតដ៏មានសារៈសំខាន់នេះ គឺបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា ក្លឹបអ្នកនយោបាយខ្មែរ បានកត់សម្គាល់ឃើញថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានការចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីអ្នកសង្កេតការណ៍ជាតិ ប្រមាណ៩០,០០០នាក់ មកពី១៣៥អង្គការ-សមាគម អ្នកសង្កេតការណ៍អន្តរជាតិ ប្រមាណ៦០០នាក់ មកពី៥២ស្ថាប័ន ព្រមទាំងអ្នកសារព័ត៌មានជាតិ ប្រមាណ១,៥០០នាក់។

ក្លឹបអ្នកនយោបាយខ្មែរ សូមធ្វើការវាយតម្លៃខ្ពស់ចំពោះបរិយាកាសទូទៅ នៃដំណើរការបោះឆ្នោតដ៏មានសារៈសំខាន់នេះ គឺបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព
និងមានសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ជាពិសេសវត្តមានប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត រហូតដល់ទៅជាង៨លាននាក់ ស្មើនឹងជាង៨៤ភាគរយ បានអញ្ជើញទៅបោះឆ្នោត បង្ហាញអំពីស្មារតីអនុវត្តសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ ជាម្ចាស់វាសនាប្រទេសជាតិ ក្នុងការជ្រើសរើសតំណាង និងថ្នាក់ដឹកនាំប្រទេសជាតិរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់ក្លឹបអ្នកនយោបាយខ្មែរ៖