(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្នើដល់បណ្តារដ្ឋមន្ត្រីទាំងឡាយ ដែលមិនបានបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រី អាណត្តិថ្មី ទី៧ សូមមេត្តាយោគយល់ ហើយត្រូវមានការលះបង់ ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈសេចក្តីថ្លែងសារពិសេស ពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តី អាណត្តិថ្មី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រដ្ឋមន្ត្រីដែលមិនទទួលបានតំណែងក្នុងគណៈរដ្ឋមន្ត្រី អាចនឹងត្រូវធ្វើជាសមាជិករដ្ឋសភា ព្រឹទ្ធសភា ហើយខ្លះក៏អាចត្រូវតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្នើដល់បងប្អូនជារដ្ឋមន្ត្រីទាំងឡាយ ដែលមិនបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រីតទៅទៀត សុំមេត្តាយោគយល់ យើងត្រូវតែមានការលះបង់មួយ ហើយអ្នកដែលលះបង់ធំជាងគេ គឺខ្លួនខ្ញុំ បើទោះបីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយ ក៏ប៉ុន្តែអ្នកដែលធ្លាប់មានអំណាចបញ្ជា គឺអត់មានអំណាចបញ្ជា នោះគឺជាការលះបង់ហើយ ដូច្នេះសុំឱ្យរដ្ឋមន្ត្រីនានា ដែលមិនទទួលតំណែងជារដ្ឋមន្ត្រីតទៅទៀត អង្គុយនៅក្នុងសភាជាតំណាងរាស្ត្រ ព្រោះពួកយើងចាស់ៗណាស់ហើយ មួយចំនួនទៀតក៏អាចតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងមួយចំនួនទៀតក៏អាចក្លាយជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខផងដែរ ដែលយើងនឹងពិនិត្យមើលនៅពេលក្រោយ ព្រោះរដ្ឋមន្ត្រីមួយចំនួន មិនចូលកាន់ការជារដ្ឋមន្ត្រីតទៅទៀតទេ យើងអាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ព្រោះសមាជិកព្រឹទ្ធសភារបស់យើងមានអាយុ៨០ឆ្នាំ ឬក៏គៀកនឹង៨០ឆ្នាំ ក៏ល្មមនឹងការចាកចេញផងដែរ»។
សូមជម្រាបថា បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន, គណៈរដ្ឋមន្ត្រីនៃអាណត្តិថ្មី អាណត្តិទី៧ អាចនឹងកើនឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុននេះ៕