(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តស្ទឹងត្រែង ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់-ភូមិ ប្រជាជនសមាជិកសមាជិកា យុវជនគណបក្សប្រជាជន និងពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងទាំងអស់ ដែលបានគាំទ្រ និងជឿជាក់ក្នុងការដឹកនាំរបស់គណបក្សប្រជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
តាមរយៈសារលិខិតលោក ឡូយ សុផាត បានគូសបញ្ជាក់ថា៖ «រាល់សមិទ្ធផលទាំងអស់សុទ្ធតែបានរួមចំណែកពីការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងធនធានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ជាតិ និងលើកស្ទួយជីវភាពប្រជាជនសម្រេចជោគជ័យ ក្នុងការអនុវត្តន៍នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល»។
គ្រប់សកម្មភាពទាំងអស់នេះ បានធ្វើឲ្យខេត្តស្ទឹងត្រែងរបស់យើងមានការអភិវឌ្ឍន៍គួរឱ្យមានមោទនភាពបាធ្វើឱ្យប្រជាជន សមាជិកសមាជិកា និងយុវជនគណបក្សមានការគាំទ្រ និងជឿជាក់ចូលរួមបោះឆ្នោត តាមឆន្ទៈរបស់ខ្លួន គាំទ្រគណបក្សប្រជាជនកម្ពុជា លើសអាណ្តតិមុនៗ ក្នុងខេត្តស្ទឹងត្រែង ដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
លោកថា «យើងខ្ញុំសង្ឃឹមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាអាណ្ដតិទី៧ បន្តពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងខេត្តស្ទឹងត្រែងកាន់តែរីកចម្រើនថែមទៀត។ ជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរ គុណចំពោះ ក្រុមការងារ គណបក្សចុះជួយមូលដ្ឋានខេត្តស្រុក/ក្រុងឃុំ/សង្កាត់ ភូមិប្រជាពលរដ្ឋសូមប្រកបដោយពរប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ»៕