(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្ត បានចូលរួមកម្មវិធីពិពណ៌ស្នាដៃសមិទ្ធផលសិស្សវិទ្យាល័យ ហ៊ុន សែន បល្ល័ង្គ ក្រោមប្រធានបទ «គំនិតច្នៃប្រឌិតបង្កើតថ្មីរបស់សិស្ស» ថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២៣ នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្គ។

លោក ជា វ៉ាន់ចាន់ បានលើកឡើងថា «ថ្ងៃនេះគឺជាថ្ងៃដ៏ល្អសម្រាប់ប្អូនៗ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្គទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ព្រមទាំងចូលរួមសហការក្នុងការបង្កើតនៅស្តង់ពិព័រណ៍ស្នាដៃ ព្រមទាំងបង្ហាញគំនិតច្នៃប្រឌិតមួយដ៏អស្ចារ្យ ដែលគាំទ្រនៅបំណិនទេពកោសល្យ និងអត្តសញ្ញាណជាតិដោយផ្សារភ្ជាប់ទៅនឹងទំនៀម ទម្លាប់ប្រពៃណីដ៏ស្រស់ត្រកាលរបស់ជាតិខ្មែរ ដល់យុវជនដទៃទៀតឲ្យ បានយល់កាន់តែច្បាស់ទៀតផង»

លោកបានបន្ថែមទៀតថា ពិព័រណ៍ស្នាដៃនេះវាបានផ្សារភ្ជាប់ទៅនឹងអ្វីដែលវានឹងកើតឡើងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាផែនការអនាគតដែលក្មួយៗប្អូនៗទាំងអស់ ត្រូវតែយល់ដឹង និងស្វែងយល់ពេលដែលពួកគាត់បញ្ចប់ការសិក្សា និងត្រូវបង្កើតមុខរបរឬអាជីពណាមួយសម្រាប់អនាគតពួកគាត់។

លោកបានបញ្ជាក់ថា ចាប់តាំងពីមុខម្ហូប សិល្បៈ រហូតដល់ការកែច្នៃផលិតផលដែលទាក់ទងនឹងបរិស្ថាន ព្រមទាំងផ្នែកវិទ្យាសាស្ត្រផ្សេងទៀត ដែលទាក់ទងទៅនឹងគណិតវិទ្យាទៀតផង។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ប្អូនៗទាំងអស់ពិតជាមានស្នាដៃឆន្ទៈទេពកោសល្យជីវិតច្បាស់លាស់ ដោយមានការជ្រោមជ្រែង និងដឹកនាំដ៏ល្អរបស់លោកគ្រូ អ្នកគ្រូ និងការសហការពីដៃគូអង្គការសមាគមនានា ដែលធ្វើឲ្យពិភពស្នាដៃនេះបានផុសជារូបរាងឡើងនៅថ្ងៃនេះ។

លោក ជា វ៉ាន់ចាន់ បានសំណូមពរ និងជំរុញដល់លោកគ្រូអ្នកគ្រូព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំនិងធ្វើយ៉ាងណារក្សាស្នាដៃនេះឲ្យបានល្អនិងខិតខំច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍នៅគំនិតថ្មីៗ ក្នុងការជំរុញនូវការអភិវឌ្ឍន៍ផ្នត់គំនិតចំណេះដឹងជំនាញ ព្រមទាំងចូលរួមក្នុងការចែករំលែកបទពិសោធន៍ ទាំងនេះដល់សហគមន៍ទាំងមូល៕