(ភ្នំពេញ)៖ លោក រ៉េម៉ាន់ដូ ភឺរេរ៉ា (H.E.Mr. Raimundo PEREIRA) ប្រធានគណៈប្រតិភូសហគមន៍ សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (La Communauté économique des États de L’Afrique de L’Ouest “CEDEAO”) និងជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយ ភាសាបារាំង បានសង្កេតឃើញថា ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ហើយលោកចង់ឱ្យមានការពង្រឹងបន្ថែមទៀត ដោយមានការចូលរួមបោះឆ្នោតពីប្រជាពលរដ្ឋដែលនៅក្រៅប្រទេស។

តាមរយៈសេចក្តីប្រកាសព័ត៌មានជំនួបរវាងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងលោក រ៉េម៉ាន់ដូ ភឺរេរ៉ា ដែលបានមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ។

លោក រ៉េម៉ាន់ដូ ភឺរេរ៉ា បានថ្លែងអំណរគុណដល់ប្រធាន គ.ជ.ប និងបានកោតសរសើរដល់ គ.ជ.ប ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ នេះ ប្រព្រឹត្តទៅបានលទ្ធផលល្អ។ លទ្ធផលនៃការងារនេះ ស្តែងចេញ ពីការបំពេញភារកិច្ចរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ប្រកបដោយវិជ្ជាជីវៈ។ លោកបានសង្កេតឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ សន្តិភាព សេរី មានតម្លាភាព និងមានការចូលរួមយ៉ាង ផុសផុលពីប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា អង្គការ ស៊ីឌីអេអូ (CEDEAO) ធ្លាប់ផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសផ្សេងៗជាច្រើនរួចមកហើយ អង្គការ ស៊ីឌីអេអូ (CEDEAO) ក៏មានបំណងចង់ផ្លាស់ប្តូរកិច្ចការបោះឆ្នោតជាមួយកម្ពុជាផងដែរ។

នាឱកាសនោះដែរ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់គណៈប្រតិភូ ស៊ីឌីអេអូ (CEDEAO) ដែលបានវាយតម្លៃចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

លោក ប្រាជ្ញ ចន្ទ បានបន្តថា ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា មានជាង ៣០ឆ្នាំមកហើយ ដែលបានបន្តរហូតមកដល់ពេលនេះ គឺបានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់។ ប្រវត្តិសាស្រ្តកម្ពុជាពោរពេញទៅដោយសង្គ្រាមស៊ីវិល ដែលមានបរទេសនៅពីក្រោយដែលជាហេតុជំរុញឱ្យមានសង្គ្រាមផ្ទៃក្នុង។ បន្ទាប់មក ភាគីជម្លោះទាំងអស់បានឯកភាពគ្នាបញ្ចប់សង្គ្រាម ដោយបានបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតដល់បង្កើតឱ្យមានការបោះឆ្នោត ដែលរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ( UNTAC) នៅឆ្នាំ១៩៩៣ ដែលការបោះឆ្នោតនាពេលនោះជ្រើសរើសសភាធម្មនុញ្ញ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ បន្ទាប់មកសភាធម្មនុញ្ញក្លាយជាសភាជាតិ ដើម្បីបង្កើតរាជរដ្ឋាភិបាលស្របច្បាប់។ រដ្ឋធម្មនុញ្ញបានចែងថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស។

លោកបន្តថា ចាប់ពីឆ្នាំ១៩៩៨ មក កម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯង ដែលចាត់ចែងដោយ គ.ជ.ប ហើយរហូតមកដល់បច្ចុប្បន្ន គ.ជ.ប បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ទាំងសកល ទាំងអសកល ចំនួន ១៧លើករួចមកហើយ។

ប្រធាន គ.ជ.ប បានបន្តទៀតថា បច្ចុប្បន្ន គ.ជ.ប ត្រូវបានចែងនៅក្នុង រដ្ឋធ្មនុញ្ញ ដែលមានសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោក ប្រាជ្ញ ចន្ទ បានបន្ថែមថា ពីមុនការបោះឆ្នោតនៅកម្ពុជាជួបបញ្ហាខ្លះដែរ ប៉ុន្តែចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ការបោះឆ្នោតពុំមានបញ្ហាអ្វីទេ ដូចជាបញ្ហាអសន្តិសុខ ការតវ៉ាតាម ទីសាធារណៈជាដើមក្រោយការ បោះឆ្នោត ដោយសារការបោះឆ្នោតនៅកម្ពុជាបានធ្វើការកែលម្អជាបន្តបន្ទាប់ ដូចជាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាដើម។ ជាថ្មីម្តងទៀត លោក រ៉េម៉ាន់ដូ ភឺរេរ៉ា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា បានទទួលគណៈប្រតិភូអន្តរជាតិយ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ប្រធាន គ.ជ.ប ដែលបានពន្យល់យ៉ាងក្បោះក្បាយ។

អំពីប្រវត្តិលោក រ៉េម៉ាន់ដូ ភឺរេរ៉ា គឺធ្លាប់ជាអតីតប្រមុខសាធារណរដ្ឋស្តីទីនៃប្រទេស Guinea Bissau ដែលជារដ្ឋអាហ្រ្វិកខាងលិច មានទីតាំងភូមិសាស្រ្តស្ថិតនៅទ្វីបអាហ្រ្វិក។ ប្រទេស នេះ មានប្រជាពលរដ្ឋជាង ២.១៣លាននាក់ ក្នុងឆ្នាំ២០២៣ និងប្រើប្រាស់ភាសាផ្លូវការគឺ Portuguese៕