(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា សម្តេចនឹងមិនបន្តតំណែងក្នុងរាជរដ្ឋាភិបាល ធ្វើជានាយករដ្ឋមន្ត្រីទៀតនោះទេ ហើយក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ព្រះមហាក្សត្រទ្រង់នឹងត្រាស់បង្គាប់តែងតាំងសម្តេចជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅពេលលាឈប់ពីរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីសម្តេចសម្រេចឈប់ពីរាជរដ្ឋាភិបាល ក៏មានសម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេច ម៉ែន សំអន និងឧបនាយករដ្ឋមន្ត្រីមួយចំនួនទៀត ក៏នឹងចាក់ចេញពីតំណែងផងដែរ។ បើទោះបីជាសម្តេចឈប់ ក្នុងការងាររាជរដ្ឋាភិបាល ប៉ុន្តែសម្តេចនៅតែបន្តកាន់តំណែងជា ប្រធានគណបក្សប្រជាជនកម្ពុជាដដែល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេច ហេង សំរិន, សម្តេច ស ខេង, សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ក៏នឹងត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រផងដែរ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «សម្រាប់អនាគតនយោបាយរបស់ខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តក្នុងមុខនាទីជាប្រធានគណបក្សកាន់អំណាច និងធ្វើជាសមាជិករដ្ឋសភា បន្ថែមលើនោះ គឺព្រះមហាក្សត្រ ព្រះអង្គទ្រង់នឹងព្រះរាជទានតែងតាំង ខ្ញុំព្រះករុណាខ្ញុំ ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្រោយពេលខ្ញុំព្រះករុណាខ្ញុំ ចាកចេញជាស្ថាពរពីគណៈរដ្ឋមន្ត្រី»។
ជាមួយគ្នានេះ សម្តេចតេជោក៏បានបញ្ជាក់ថា សម្តេចក៏នឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ផងដែរ៕