(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ កម្ទេចចោលទូហ្គេមអេឡិចត្រូនិក ពុំមានច្បាប់អនុញ្ញាត ដែលបង្ក្រាបបានក្នុងអំឡុងពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ក្នុងក្រុងព្រះសីហនុចំនួន១៥ទីតាំង ក្នុងនោះមានទូហ្គេមអេឡិចត្រូនិក សរុបចំនួន៤៦គ្រឿង។
លោក សរ កក្កដា អភិបាលក្រុង បានលើកឡើងថា ចំពោះទីតាំងទូហ្គេមអេឡិចត្រូនិចអត់ច្បាប់ ដែលលបលួចបើក នៅក្នុងក្រុងព្រះសីហនុកន្លងមក អាជ្ញាធរបានបង្ក្រាប និងធ្វើការកម្ទេចចោលជាលើកទី២ ក្នុងរយៈពេល៨ខែកន្លងមកនេះ។
លោកអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា ចំពោះទីតាំងល្បែងអត់ច្បាប់ នៅក្នុងក្រុងព្រះសីហនុ អាជ្ញាធរនឹងបង្ក្រាបជាបន្តបន្ទាប់ មិនអនុញ្ញាតឲ្យមានការបើក ដោយគ្មានច្បាប់អនុញ្ញាតនោះឡើយ៕