(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានកោតសរសើរ និងអរគុណអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានល្អប្រសើរ។
ការថ្លែងលើកឡើងរបស់លោក ម៉ែន វិបុល បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
បន្ថែមលើសពីនេះលោកអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*ទី១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ
*ទី២៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព
*ទី៣៖ សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ
*ទី៤៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕