(ក្រចេះ)៖ លោក សន ចំរុង អភិបាលរងស្រុកចិត្របុរី បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងស្តុកឈើគ្មានច្បាប់មួយកន្លែង ដែលក្រុមឈ្មួញយកមកលាក់ទុកបម្រុងយកទៅលក់បន្ត នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងថា កម្លាំងចម្រុះដែលចូលរួមបង្ក្រាបរួមមាន៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត អាវុធហត្ថស្រុកចិត្របុរី នគរបាលស្រុកចត្របុរី អាជ្ញាធរស្រុក និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត។

នាយសង្កាត់បញ្ជាក់ទៀតថា ឈើទាំងនោះជាប្រភេទឈើអា លេខ១ (សុក្រំ) មានចំនួន១៤៧សន្លឹក តែមិនទាន់ធ្វើការវាស់វែងដឹងចំនួនម៉ែត្រគូប នៅឡើយទេ។ បច្ចុប្បន្នឈើទាំងនោះត្រូវ បានកម្លាំងចម្រុះ នាំយកមករក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕