(កំពង់ឆ្នាំង)៖ មនុស្ស២នាក់ បានបាត់ខ្លួននៅក្នុងទន្លេ ខណៈដែលពួកគាត់បានជិះទូកបាឡាស្មាច់មួយគ្រឿង មានគ្នា៣នាក់ ឆ្លងកាត់ទន្លេដ៏ធំល្វឹងល្វើយ ហើយស្របពេលនោះ ក៏មានភ្លៀង និងខ្យល់បោក បក់យ៉ាងខ្លាំង បណ្ដាលឲ្យទូកត្រូវបានលិចនៅកណ្ដាលទន្លេ និងបាត់ខ្លួនមនុស្ស២នាក់ តាំងពីវេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ហើយសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋ បានចេញទូកជាច្រើនគ្រឿង រុករកពេញមួយយប់ ដោយរកមិនទាន់ឃើញ។
លុះព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សមត្ថកិច្ច ក៏បានបន្តចុះរុករកពេញមួយព្រឹកទៀត រហូតមកដល់ម៉ោង ១២៖០០នាទីថ្ងៃត្រង់នេះ សមត្ថកិច្ចបានរកឃើញសពប្រពន្ធ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង ដែលបានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោកអធិការ បានបញ្ជាក់ឲ្យដឹងទៀតថា ទូកបាឡាស្មាច់មួយគ្រឿង ដែលលិចនៅកណ្ដាលទន្លេខាងលើនេះ អ្នកជិះលើទូកមានគ្នា ៣នាក់ គឺមានឪពុក ម្ដាយ និងកូនប្រុសម្នាក់ អាយុ១២ឆ្នាំ បន្ទាប់ពីទូកត្រូវខ្យល់ព្យុះបោកបក់ បណ្តាលលិច ខណៈនោះកូនប្រុសអាយុឆ្នាំ១២ឆ្នាំ បានហែលមកដល់ច្រាំងទន្លេដោយខ្លួនឯង ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីចំណុចទូកដែលលិច ចំណែកឪពុកម្ដាយរបស់គេ ដោយសារតែម្ដាយមិនចេះហែលទឹក ដូច្នេះឪពុកនៅខំជួយម្ដាយទើបបណ្ដាលឲ្យបាត់ខ្លួនទាំងពីរនាក់នោះតែម្ដង។
លោកអធិការបានបន្តឲ្យដឹងទៀតថា គ្រួសារជនរងគ្រោះខាងលើនេះ រស់នៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ទូករបស់ពួកគាត់បានលិចនៅចំណុចក្បែរកោះចាប ក្នុងភូមិសាស្ត្រឃុំពោធិ៍ ស្រុកកំពង់លែង។ បច្ចុប្បន្នអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើនទូកកំពុងបន្តរុករកបុរសជាប្ដីជាបន្តទៀត។
ឆ្លៀតក្នុងឱកាសនេះ លោកអធិការសូមអំពាវនាវបងប្អូនប្រជាពិសាទទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងការធ្វើដំណើរតាមផ្លូវទឹក ឬក៏រក ស៊ីនេសាទផ្សេងៗ ដោយសារតែរដូវនេះ ជារដូវវស្សា ដែលមានភ្លៀងលាយឡាំ និងខ្យល់ផងនោះ ហេតុនេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងមានការគ្រោះ ថ្នាក់ដោយប្រការណាមួយដូចករណីខាងលើនេះ៕