(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះហាងលក់គ្រឿងអលង្ការ យីហោ ហ្កូលឌៃនភើល មួយកន្លែង បានឆេះបំផ្លាញបន្ទប់ជាន់ទី៣ អស់ទាំងស្រុង និងពុំបណ្តាលឱ្យឆេះរាលដាល់ដល់អ្នកក្បែរខាងឡើយ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៥៖៣៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ១៣៥DEo-E តាមបណ្តោយផ្លូវលេខ៣៦០ ក្នុងក្រុម៤០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញ បានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញបានបាញ់ទឹកទប់ស្កាត់ មិនឱ្យអណ្តាតភ្លើងឆាបឆេះរាលដាលទៅមុខទៀតឡើយ។
ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត ១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ប្រេីប្រាស់ទឹកអស់ ១២ម៉ែត្រគូប និងរថយន្តជំនួយមកពីផ្សារទំនើបអូឡាំព្យា ចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះខូចខាតសម្ភារៈក្នុងផ្ទះជាន់ទី៣ អស់ទាំងស្រុង នឹងពុំបានបណ្តាលឱ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ដោយក្នុងនោះ ជាប្រភេទសំណង់ ថ្មបេតុងដែលមានទំហំ (៤ម៉ែត្រ គុណ១៦ម៉ែត្រ)។ ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ គឺមិនបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡេីយ៕